ប៉ៃលិនៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តប៉ៃលិន ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារសាលាក្រៅ និងតាមផ្ទះលក់ទំនិញមួយចំនួន ក្នុងខេត្តប៉ៃលិន។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
- ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន សរុប ១៩.៧០គីឡូក្រាម។
បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់