ព័ត៌មានជាតិ

ពិតជាមហាមិត្តមែន! ស៊ីដាច់ម៉ូតូបាត់ជិត១ឆ្នាំ ជួបមុខប្តឹងឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះពីបទយកម៉ូតូម៉ាកឡេត១គ្រឿង គេចខ្លួនអស់រយៈពេលជិត១ឆ្នាំហើយ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅមុខបន្ទាយ៩១១ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ចាន់ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរហៅម៉ូយខារ៉ាអូខេ ផ្លូវ២០០៤ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិឬស្សី ឃុំម៉ង ស្រុកគងពិសី ខេត្តបាត់ដំបង។ ចំណែកអ្នកធានា ឈ្មោះ អុន ថានី ភេទប្រុស អាយុ៣១ឆ្នាំជាងដែក ។ រីឯជនរងគ្រោះឈ្មោះ ឆែម អយ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យយកទៅនោះម៉ាកឡេត ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ មិនចាំស្លាកលេខ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានខ្ចីម៉ូតូប្អូនបង្កើតជិះទៅផ្សារដើមគ ក្រោយមកមេជាងឈ្មោះ អ៊ុន ថានី បានឲ្យទៅយកលុយពីមិត្តភក្តិគាត់ឈ្មោះ ចាន់ ផានិត នៅផ្លូវជាតិលេខ៤ ម្តុំស្តុបទំនប់កប់ស្រូវ ខណៈទៅដល់ស្រាប់តែឈ្មោះ ចាន់ ផានិត ខ្ចីតទៀតថាទៅផ្ទះប្អូនមួយភ្លែតដោយសារមានការធានាពីមេជាងខ្លួនទើបប្រគល់ឲ្យម៉ូតូជិះទៅ។

សាក្សីបន្តថា នៅពេលដែលជនសង្ស័យយកទៅក៏ទៅបាត់រហូតខលក៏មិនចូលមិនដឹងទៅដល់ទីណា។ លុះរហូតមកដល់ថ្ងៃកើតហេតុឈ្មោះ អ៊ុន ថានីបានស៊ើបដឹងថាជនសង្ស័យមកជួលបន្ទប់ស្នាក់នៅភូមិព្រៃទាក៏រត់មកប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង៕

មតិយោបល់