កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ធំបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាង ម៉ូតូ បុកជាមួយនឹងគោយន្តកន្ត្រៃ ដែលបើកបរក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានឲ្យដឹងថាសាកសពជនរងគ្រោះឈ្មោះ អ៊ឹម ប៊ុណ្ណា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិ ដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យបង្អែក បារាយណ៍ សន្ទុក) (មិនពាក់មួកសុវត្ថិភាព) បើកបរម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1F-8071 បានបុកគោយន្តកន្ត្រៃយ៍ពីក្រោយយ៉ាងពេញទំហឹង។ អ្នកបើកបរគោយន្ត និងគោយន្ត មិនស្គាល់អត្តសញ្ញាណ បានបើកគេចខ្លួនបាត់។
ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុគឺបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។
ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនឲ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់