ព័ត៌មានជាតិ

រថយន្តពន្លះម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធវ័យចំណាស់២នាក់ស្លាប់និងរបួសធ្ងន់

កំពតៈ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានបង្កឡើងដោយរថយន្ត១គ្រឿង បានបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យ២នាក់ប្តីប្រពន្ធវ័យចំណាស់ ដែលបុរសជាប្តីស្លាប់នៅនឹងកន្លែង និងស្រ្តីជាប្រពន្ធរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៣៥នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខខ្លោងទ្វារធំ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ ឌ្រីម សេ១២៥ មួយគ្រឿង ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FK-7601 ជិះដោយបុរសចំណាស់ម្នាក់ មានឌុបគ្នាជាមួយស្ត្រីចំណាស់ម្នាក់ នៅលើផ្លូវជាតិ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងបានវ៉ាម៉ូតូគាត់ដែលកំពុងជិះ ហើយរូបគាត់ប្រហែលជាមិនបានមើលក្រោយ ដោយមិនដឹងថាមានរថយន្តមកពីក្រោយមួយគ្រឿងទៀត ក៏បត់ដោយគ្មានស៊ីញ៉ូភ្លើងផងនោះ ក៏ត្រូវរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AD-7918 បុកពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ និងរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ ជនរងគ្រោះត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់