ភ្នំពេញៈ កាលវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មានករណីរថយន្តកុងតឺន័របែកកង់ បណ្ដាលឲ្យរេចង្កូតឡើងសួនរួចជ្រុលទៅបុក ម៉ូតូ១គ្រឿង កំពុងធ្វើដំណើរ រងរបួសធ្ងន់រួចបន្តទៅបុកគំនរថ្ម និងខ្សាច់នៅចិញ្ចើមផ្លូវកល់ ជាប់ទៅមុខលែងរួចបង្កការកកស្ទះ ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ ណាត សុភី អាយុ ៥៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ រងរបួសបាក់ដៃឆ្វេង (ជាប្រពន្ធលោក ជា សាវ៉ន ចៅសង្កាត់រងព្រែកឫស្សី)។
ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះជិះម៉ូតូតែម្នាក់ឯង ម៉ាកគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1F-9129 ធ្វើរដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីកើតមកលិច ខណៈមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង ពណ៌ខៀវ បើកមកពីក្រោយស្របគ្នាក្នុងល្បឿនលឿន បានបែកកង់រេចង្កូតទៅឆ្វេងដៃឡើងសួនជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីជិះម៉ូតូរបួសបាក់ដៃ ហើយរថយន្តមិនទាន់អស់ល្បឿន ទៅបុកគំនរថ្មខ្សាច់នៅចិញ្ចើមផ្លូវបន្តទៀត ទើបកល់ជាប់ទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះជួយសម្រួលចរាចរណ៍ និងធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់