ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្ដ១គ្រឿងបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយរថយន្តបានបើកគេចបាត់ស្រមោល។
ហេតុការណ៍កើតឡើងនៅម៉ោង១២ និង២៥នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ មុខអាហារដ្ឋានវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។
ស្រ្តីរងគ្រោះ មានឈ្មោះ ជុំ សាវ៉ុន អាយុ៤៨ឆ្នាំ តាមអត្តសញ្ញាប័ណការងារ ជាមន្រ្តីយោធា មានទីលំនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈ ដែលស្រ្តីរងគ្រោះកំពុងជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-8541 ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តកូរ៉េដឹកឥដ្ឋ១គ្រឿង មិនចាំស្លាកលេខ បើកក្នុងល្បឿនលឿនពីត្បូងទៅជើងស្របទិសគ្នា បុកពីក្រោយ ដួលហើយរថយន្តកិនបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងជាមួយអង្គភាព កងទ័ព៩១១ហើយរថយន្តមណ្ឌលសុខភាពពងទឹក ជួយដឹកសាកសព ទៅតម្កល់ទុកនៅអង្គភាព៩១១ កំបូល ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក រង់ចាំស្រាវជ្រាវរករថយន្តបង្ករមកដោះស្រាយគ្នានៅពេលក្រោយ៕




https://youtu.be/vrUgeJ3iFok
មតិយោបល់