ព័ត៌មានសេដ្ឋកិច្ច

edotco នឹងចូលរួមជម្រុញឲ្យ កម្ពុជា មានសេវាអ៊ីនធឺណេត ១០០% ត្រឹមឆ្នាំ ២០២០

ក្រុមហ៊ុន edotco ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍​ នឹងចូលរួមគាំទ្រដល់ គម្រោងជម្រុញឲ្យ កម្ពុជា មានសេវាអ៊ីនធឺណេតប្រើប្រាស់ ១០០ភាគរយ នៅទីប្រជុំជន និង ៧០ភាគរយ នៅទីជនបទ ដែលជាទស្សនវិស័យមួយ របស់រដ្ឋាភិបាលកម្ពុជាផងដែរ។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា វិស័យទូរគមនាគមន៍នៅកម្ពុជា ពិតជាខ្វះមិនបាននូវ ភាពជាដៃគូរវាង ស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរិះរកវិធីសាស្រ្ត និងត្រៀមខ្លួនឲ្យបានរួចជាស្រេច ក្នុងការសម្រេចចក្ខុវិស័យនៃ វិស័យ ICT។

លោក Suresh Sidhu អគ្គនាយកក្រុមហ៊ុន edotco បានឲ្យដឹងថា វាជាគោលដៅរបស់ក្រុមហ៊ុនផងដែរ ក្នុងការគាំទ្រគម្រោងជម្រុញវិស័យ ICT នៅកម្ពុជា ដោយសារ កម្ពុជា ជាផ្នែកដ៏សំខាន់មួយនៃ ភាពជោគជ័យ របស់ក្រុមហ៊ុនទាំងមូល។

តួយ៉ាង ក្រុមហ៊ុន edotco ចាប់ផ្តើមដំបូងនៅកម្ពុជា ក្នុងឆ្នាំ ២០១២ គឺមានបុគ្គលិកតែ ៥នាក់ និងអតិថិជនជួលបង្គោល ត្រឹមតែ ១៥០បង្គោលប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ មានរហូតដល់ទៅ ៣៥០០បង្គោល។

លោក Phillip Wong នាយកគ្រប់គ្រងនៃក្រុមហ៊ុន edotco បានពន្យល់ទាក់ទងនឹង ទីជនបទ ដែលសេវាអ៊ីនធឺណេត មិនអាចទៅដល់ ១០០ភាគរយ គឺដោយសារភាពមិនអំណោយផលនៃ អាកាសធាតុ (ទឹកជំនន់) សណ្ឋានដី (ជួរភ្នំ) ស្ថេរភាពសេវារអាក់រអួល ជាពិសេសគឺ មិនមានចំនួនអ្នកប្រើប្រាស់ច្រើន។

យ៉ាងណាមិញ ក្រុមហ៊ុន edotco នឹងបន្តការអភិវឌ្ឍន៍ខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយនាំយកនូវ បច្ចេកវិទ្យាទំនើប ក៏ដូចជាឧបករណ៍ថ្មីៗ ដើម្បីចូលរួមជម្រុញវិស័យ ICT ឲ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

មតិយោបល់