ព័ត៌មានជាតិ

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល៖ ចៅក្រមសម្រេចដោះលែងស្ត្រីលក់ឡេ និងគ្រឿងលម្អខ្លួនតាមOnline ហើយ!

កណ្តាលៈ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោក សម្ញំ ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងខេត្តកណ្តាល បានថ្លែងប្រាប់ Post Newsថា៖ ស្ត្រីលក់ឡេ និងគ្រឿងលម្អខ្លួនតាម Online ត្រូវបានលោក សាយ សម្ភស្សន៍សេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ ។ ការសម្រេចដោះលែងនេះគឺលោកចៅក្រមយល់ឃើញថា ទី១៖ បទល្មើសមានកម្រិតទណ្ឌកម្មពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់៥លាន តែជនសង្ស័យតម្កល់ប្រាក់៨លានរៀល ដើម្បីនៅក្រៅឃុំ ។ ទី២៖សន្យាឈប់ផលិតឡេរដោយគ្មានការអនុញ្ញាត ។ទី៣៖ មានបញ្ហាសុខភាព ។ទី៤៖ការដោះលែងនេះមិនរះស្ទះដល់នីតិវិធីទេ ហើយសំណុំរឿងនេះនៅតែបន្តនីតិវិធីស៊ើបអង្កេតជាធម្មតា។

សូមរំលឹកថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កម្លាំងចម្រុះរបស់គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋានគណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ដែលមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្តកណ្តាល លោកអធិការក្រុងតាខ្មៅ លោកមេប៉ុស្តិ៍ បានចុះធ្វើការឆែកឆេរផ្ទះស្ត្រីម្នាក់ លក់ឡេ លក់ម្សៅ គ្រឿងលម្អខ្លួន សង្សយ័ផលិត វេចខ្ជប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក លាបឡេ ដោយពុំមានសុំច្បាប់អនុញ្ញាត្តិ និចុះបញ្ជីការជាមួយក្រសួងសុខាភិបាលហើយផលិតផល ជាថ្នាំលាបស្បែកនេះសង្សយ័ថា ជាផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ដិភាពអ្នកប្រើប្រាស់។

ហេតុការណ៍ចុះឆែកឆេរនេះកាលពីវេលាម៉ោង១០ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះយីហោរ ៩៩៩ វុទ្ធ ថេត កាត់ដេរ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្ចាស់ទីតាំងមានឈ្មោះឆេង ស្រីរត្ន័ ហៅ(Love Riya) ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរផលិតករ និងអាជីវករថ្នាំលាបស្បែក។

វត្ថុតាងចាប់យកបាន: មានប្រភេទឡេលាបស្បែកឲ្យសរក្នុងរយ:ពេលមួយសប្តាហ៍ ម្សៅលាបមុខឲ្យស បំបាត់មុន ជាំ ឡេ និងម្សៅខាត់ស្បែកឲ្យសភ្លាមៗ.ល. ។ សរុបទាំងអស់៣០ប្រភេទ មួយចំនួនធំ។

បើតាមឧត្តមសេនីយ៏ត្រី ទូច យុទ្ធា អនុលេខាធិការដ្ឋានគណះកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់សល់សុខភាពនិងសុវត្ថិភាពសង្គមបានប្រាប់Post News ឲ្យដឹងថា ដោយមានការទទួលព័តមាន និងការផ្សាយតាមOnline របស់ម្ចាស់ផលិតផល គណ:កម្មការយើងបានធ្វើការស្រាវជ្រាវ រហូតមានការឯកភាពពីស្ងាបន័តុលាការ គណ:កម្មការយើងបានសហការជាមួយព្រះរាជអាជ្ញារង បានចុះឆែកឆេរទីតាំងខាងលើដែលសង្សយ័លក់ឡេរ លក់ម្សៅ គ្រឿងលំអរខ្លួន ក្លែងក្លាយ។ ភ្លាមៗនោះបន្ទាប់ពីធ្វើការឆែកឆេរពិតជាបានរកឃើញថា សង្សយ័ផលិត វេចខ្ជប់ រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក លាបឡេ ដោយពុំមានសុំច្បាប់អនុញ្ញាត្តិ និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាលហើយផលិតផល ជាថ្នាំលាបស្បែកនេះសង្សយ័ថា ជាផលិតផលក្លែងក្លាយ ដែលបង្ករគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ដិភាពអ្នកប្រើប្រាស់។

លោកឧត្តមសេនីយ៏ត្រីបានប្រាប់ឲ្យដឹងទៀតថា: ចំពោះផលិតផលទាំងអស់នោះលោកព្រះរាជអាជ្ញាររងបានឯកភាពឲ្យខាងគណះកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយយកទៅមន្ទីរពិសោធដើម្បីពិសោធមើលឲ្យដឹងច្បាស់ថាផលិតផលទាំងអស់នោះជាផលិតផលក្លែងក្លាយ និងពេលប្រើប្រាស់រួចអាចប៉ះពាល់ដល់សុខភាពកម្រិតណា៕

មតិយោបល់