ព័ត៌មានជាតិ

កម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី ដួលសន្លប់ជាង៧០នាក់!

ភ្នំពេញៈ កម្មការិនីរោងចក្រកាត់ដេរយីហោ ប៊ឺរី ចំនួនជាង៧០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុនិងបាន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដែលរោងចក្រខាងលើនោះមាន ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវអូរដឹកកប់ស្រូវ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្មការិនីរងគ្រោះដែលដួលសន្លប់ទាំងអស់ ត្រូវបានគេដឹកតាមរថយន្តរោងចក្រនិងរថយន្តសង្គ្រោះ អង្គភាព៧១១កងពលតូចលេខ៧០ ទៅកាន់មន្ទីរពហុព្យាបាលនិងសម្ភពឡាំ ប៊ុនថន និងមន្ទីរពហុព្យាបាលនិងសម្ភពមូលមិត្ត មន្ទីរពហុព្យាបាលនិងសម្ភពចោមចៅ និងគ្លីនិកនានាមួយចំនួនទៀត ដើម្បីសង្គ្រោះបន្ទាន់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងរោងចក្រកាត់ដេរ ប៊ឺរី នោះមានកម្មករកម្មការិនីបម្រើការងារនៅក្នុងនោះចំនួនជាង ២ពាន់នាក់ និងបានបើកដំណើរការជាច្រើនឆ្នាំកន្លងមកហើយ នៅមុនពេលកើតហេតុកម្មករ កម្មការិនីទាំងអស់បានចូលធ្វើការ ការងារជាធម្មតាដូចរាល់ថ្ងៃ ហើយខណៈពេលកំពុងបំពេញការងារសុខៗ ស្រាប់តែមានអ្នកដួលសន្លប់ម្នាក់។ពេលនោះបានធ្វើឲ្យ មានការភ្ញាក់ផ្អើល ហើយមិនយូរប៉ុន្មានក៏មានអ្នកដួលសន្លប់ជាបន្តបន្ទាប់ទៀត។ ចំណែកអ្នកដែលអត់ដួលសន្លប់បាននាំគ្នារត់ចេញ ពីក្នុងរោងចក្រក្នុងស្ថានភាពជ្រួលច្របល់ និងស្លន់ស្លោរ ហើយក័មានអ្នកខ្លះសន្លប់ពេលរត់ចេញផុតពីអាគាររោងចក្រថែមទៀត ផង។

ប្រភពដដែលបានបន្តទៀតថា នៅមិនទាន់ដឹងពីមូលហេតុនៃការដួលសន្លប់នោះនៅឡើយទេ ប៉ុន្តែកម្មការិនីរងគ្រោះទាំងនោះ មានអាការៈវិលមុខ ចង់ក្អួតចង្អោរ និងតឹងណែនទ្រូង រួចក៏បានដួលសន្លប់តែម្ដង ហើយ ត្រូវបានគេដឹកតាមរថយន្តរោងចក្រ និងរថយន្តសង្គ្រោះ អង្គភាព៧១១កងពលតូចលេខ៧០ ទៅកាន់មន្ទីរពហុព្យាបាលនិងសម្ភពឡាំ ប៊ុនថន និងមន្ទីរពហុព្យាបាល និងសម្ភពមូលមិត្ត មន្ទីរពហុព្យាបាលនិងសម្ភពចោមចៅ មណ្ឌលសុខភាពពោធិ៍ចិនតុង និងគ្លីនិកនានាមួយចំនួនទៀត ដើម្បីសង្គ្រោះបន្ទាន់។

ដោយឡែករោងចក្រខាងលើត្រូវបានបិទទ្វារជាបណ្ដោះអាសន្នផងដែរ ព្រោះកម្មករកម្មការិនី ដែលមិនរងគ្រោះ បានរត់សម្រុកចេញក្រៅនិងនាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន គ្មាននរណាតស៊ូធ្វើការបន្តទៀតឡើយ ប៉ុន្តែទោះ ជាបែបណានៅក្នុងហេតុការណ៍ខាងលើនេះ មិនបានបណ្ដាលឲ្យមានកម្មការិនីណាម្នាក់ស្លាប់បាត់បង់ជីវិតនោះឡើយ៕

https://youtu.be/GvbQoOtha8A

មតិយោបល់