ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកូរ៉េដឹកឥវ៉ាន់ធន់ធំ១គ្រឿងបើកមិនប្រយ័ត្ន បណ្តាលឲ្យជ្រុលទៅបុក ម៉ូតូបុរសជាមន្រ្តីនគរបាលផ្នែកតម្រួតបទបញ្ជាម្នាក់ស្លាប់នៅនិងកន្លែងភ្លាមៗតែម្តង រីឯម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ និង៥០នាទីយប់ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ កែងនឹងផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាក កូរ៉េ ចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3765 ដឹកទំនិញ កន្តក់ ពេញរថយន្ត បើកបរដោយឈ្មោះ ចាន់ អេងស្រ៊ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្ត ឲ្យរោងម៉ាស៊ីនកិនស្រូវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FB-7999 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ អនុសេនីយ៍ ហង្ស សុធី ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្រ្តីនគរបាលតម្រួតបទបញ្ជា ស្លាប់ភ្លាមៗនៅកន្លែង ចំណែកជនរងគ្រោះម្នាក់ទៀត មិនស្គាល់ឈ្មោះ រងរបួសស្រាល ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា២នាក់ បើកតាមផ្លូវទំនប់កប់ស្រូវ ពីជើងទៅត្បូង លុះដល់ភ្លើងស្តុប ឈប់រង់ចាំ ស្រាប់តែរថយន្តបង្ក បើកពីជើងទៅត្បូង ស្របទិសគ្នា បើកបុកនិងកិនពីក្រោយម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតរងរបួសស្រាល។
តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកកន្ទក់ ពីខេត្តកំពង់ចាម យកទៅដាក់នៅរោងចក្រចំណីសត្វ ស្រុកអង្គស្នួល ហើយរថយន្តខាងលើ មកតាមផ្លូវខូចហ្វ្រាំងម្តងរួចហើយ ឈប់ជួសជុលតាមផ្លូវ រួចទើបបន្តដំណើរ មកទៀតលុះដល់ចំណុចខាងលើ ស្រាប់តែរថយន្តហ្វ្រាំងមិនស៊ីជាន់មិនជាប់ ក៏ជួបបញ្ហានេះតែម្តង។
ក្រោយពេលកើតហេតុ សាកសពត្រូវបានរថយន្តអង្គភាព ដឹកយកទៅតម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណី រីឯ រថយន្តបង្កនិងម៉ូតូរួមទាំងអ្នកបើកបររថយន្តផងត្រូវបាន នគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់