ព័ត៌មានជាតិ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនបានម្នាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅផ្លូវលំ ក្រុម៧ ភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ដឹងថា ជនសង្ស័យមានឈ្មោះ ភី សាវុធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ និងចែកចាយគ្រឿងញៀន) ស្នាក់នៅផ្ទះជួល ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងសមត្ថកិច្ចខណ្ឌ និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែងនៅមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ នៅពេលដែលកម្លាំងសមត្ថកិច្ចយើងចុះបង្ក្រាបនោះ ជនសង្ស័យខាងលើបានរត់គេចខ្លួនចូលទៅក្នុងព្រៃ មួយកន្លែង ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការដេញតាម និងចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនោះ តែបែបជាជនសង្ស័យរូបនេះបានបោះចោលថ្នាំញៀនអស់ ដោយនៅសល់តែ មួយកញ្ចប់ និងថង់សម្រាប់ច្រកគ្រឿងញៀន។

ក្រោយមក កម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់