ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងទៅកាន់កូរ៉េខាងត្បូង

កូរ៉េៈ យោធាអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងយន្តហោះចម្បាំងទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីចូលរួមធ្វើសមយុទ្ធទម្លាក់គ្រាប់បែករួមគ្នា ជាមួយយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង នៅភាគឦសានប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ចំនួនពីរគ្រឿង និងយន្តហោះចម្បាំង F-35B ចំនួនបួនគ្រឿងរបស់អាមេរិក ត្រូវបានបញ្ជូនទៅកាន់ឧបទ្វីបកូរ៉េ នារសៀលថ្ងៃព្រហស្បតិ៍នេះ គឺមកពីកោះហ្គាម និងមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសជប៉ុន។

សូមជំរាបថា យន្តហោះចម្បាំងអាមេរិក នឹងធ្វើសមយុទ្ធហោះហើររួមគ្នាមួយ ជាមួយយន្តហោះចម្បាំង F-15K របស់កូរ៉េខាងត្បូង នៅលើឧបទ្វីបកូរ៉េ មុនពេលទម្លាក់គ្រាប់បែក MK-84, MK-82 និង GBU-32 ទៅលើគោលដៅមួយ ក្នុងខេត្ត Gangwon ស្ថិតនៅតំបន់ភាគខាងកើតនៃប្រទេសកូរ៉េខាងត្បូង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យន្តហោះចាក់ប្រេងលើអាកាស KC-135 របស់អាមេរិក ត្រូវបានបញ្ជូនទៅប្រទេសកូរ៉េខាងត្បូង សម្រាប់សមយុទ្ធផ្លូវអាកាសរួមគ្នាផងដែរ។

គួរបញ្ជាក់ដែរថា សមយុទ្ធអាកាសរួមគ្នា ត្រូវបានធ្វើឡើងដើម្បីប្រឆាំងទៅនឹងការបាញ់មីស៊ីលផ្លោង ម្តងហើយម្តងទៀតពីសំណាក់កូរ៉េខាងជើង រួមទាំងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់របបមួយនេះ៕

មតិយោបល់