ព័ត៌មានជាតិ

ឃុំខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធ នាំស្ត្រីខ្មែរទៅធ្វើការនៅម៉ាឡេស៊ីខុសច្បាប់

ភ្នំពេញៈ ស្ត្រីជាមេខ្យល់ជួញដូរស្រ្តីខ្មែរជាច្រើននាក់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីខុសច្បាប់ ត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នហើយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន បញ្ជាក់តាម Telegram ថា ក្រោយពេលដែលកញ្ញា វ៉ា សក្កដា ជាតំណាងអយ្យការបានសម្រេចចោទប្រកាន់លើឈ្មោះ ឈ្មោះ អ៊ុ រ៉ាឌីន ហៅ មាំ ហៅ ម៉ា ដាម ហៅ ជោលី ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩៦ឃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ពីបទ ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន យោងតាមមាត្រា១១ ច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

លោកបន្ដថា នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន ជនត្រូវចោទខាងលើជាបណ្តោះអាសន្នហើយ។

គួររំលឹកថា កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទខាងលើកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីសមត្ថកិច្ចបានស្រាវជ្រាវ ដឹងថា ជនត្រូវចោទបនធ្វើសកម្មភាពឃោសនា បោកបញ្ជោតស្ត្រីខ្មែរនៅក្នុងខេត្តកំពង់ចាម ចំនួន ១៦នាក់ កំពង់ធំ ចំនួន ៦នាក់ និងខេត្តកំពង់ឆ្នាំង ចំនួន ២នាក់ (ត្រូវសមត្ថកិច្ចជួយរំដោះបានមកវិញ) ឲ្យទៅធ្វើការជាស្ដ្រីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី ដោយសន្យាថា អាចនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ ចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារ ក្នុងមួយខែ។

សមត្ថកិច្ចបានរកឃើញថា ជនត្រូវចោទជាអ្នករៀបចំបែបបទ ធ្វើលិខិតឆ្លងដែន និងបាននាំស្ត្រីខ្មែរជាច្រើនាក់ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ២០១៤មក តាមច្រកទ្វារអន្ដរជាតិភ្នំពេញ និងប៉ោយប៉ែត ដោយឆ្លងកាត់តាមប្រទេសថៃ។

ជនត្រូវចោទបានសហការជាមួយបុរសម្នាក់ឈ្មោះ ហូ ជាជនជាតិម៉ាឡេស៊ី ដែលជាអ្នកចាំទទួលស្ត្រីខ្មែរនៅប្រទេសម៉ាឡេស៊ី។

ជនត្រូវចោទ ទទួលប្រាក់ចំនួន៦,០០០រីងហ្គីត ប្រហែល ១,៥០០ដុល្លារ ក្នុងស្ត្រីខ្មែរម្នាក់៕

មតិយោបល់