ព័ត៌មានជាតិ

នាវាពិឃាតជប៉ុន៣គ្រឿង ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ៤ថ្ងៃ

ព្រះសីហនុៈ នាវាពិឃាត ៣គ្រឿង នៃកងទ័ពជើងទឹកជប៉ុន បានចូលសំចតនៅកំពង់ផែសមុទ្រទឹកជ្រៅ នាក្រុងព្រះ សីហនុ នៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

តាមមន្ត្រីយោធានាវិកនៃកងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា នាវាពិឃាត៣គ្រឿងនេះ មានផ្ទុកកងម៉ារីនសរុបចំនួន ៥៨៤នាក់ ដឹកនាំដោយ លោកវរៈនាវីឯក Hidehisa Horinouchi ។

មន្ត្រីប៉ុស្តិ៍ពិនិត្យនៅកំពង់ស្វយ័ត បានឲ្យដឹងថា នាវាកងទ័ពជើងទឹកជប៉ុន៣គ្រឿង ដែលចូលចតកំពង់ផែអន្ដរជាតិស្វយ័តក្រុងព្រះសីហនុ នេះមានទី១-នាវាឈ្មោះ Asayuki លេខ១៣២ ផ្ទុកកងម៉ារីនចំនួន ១៩៦នាក់ មានប្រវែង១៣០ម៉ែត្រ ទទឹង ១៣,៦ម៉ែត្រ ជម្រៅទឹក ៨,៥ម៉ែត្រ (អែបផែ) ទី២-នាវាឈ្មោះ Shimayuki លេខ ៣៥១៣ ផ្ទុកកងម៉ារីនចំនួន ១៧៦នាក់ មានប្រវែង ១៣០ម៉ែត្រ ទទឹង ១៣,៦ម៉ែត្រ ជម្រៅទឹក ៨,៥ ម៉ែត្រ (អែបផែ) ទី ៣-នាវាឈ្មោះ Maki Nami លេខ ១១២ ផ្ទុកកងម៉ារីនចំនួន ២១២នាក់ មានប្រវែង ១៥១ម៉ែត្រ ទទឹង ១៧,៤ម៉ែត្រ ជម្រៅទឹក ៥,៣ម៉ែត្រ ។

មន្ត្រីប៉ុស្តិ៍ពិនិត្យនៅកំពង់ស្វយ័តដដែល បានបន្ដទៀតថា នាវាទាំង៣គ្រឿងខាងលើមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ (១៣-១៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ) ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អរវាងប្រទេសទាំង២កម្ពុជា-ជប៉ុន ផងដែរ៕

មតិយោបល់