ភ្នំពេញៈ ជនសង្ស័យជាតៃកុងរថយន្តចំនួន២នាក់ និងអ្នកលក់ប្រេងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគាត់កំពុងលួចបូមប្រេងលក់ ម្ចាស់ទៅទាន់ឃាត់ឲ្យនគរបាល។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខក្លោងទ្វាសាលាបឋមសិក្សាវត្តគោកបញ្ជាន់ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានគេស្គាល់ទី១ ឈ្មោះ សួង សាន្ត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុងការ៉ាស់រថយន្ត ភូមិភូមត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ,ទី២ឈ្មោះ សាយ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុងការ៉ាស់ជាមួយគ្នា មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ និងអ្នកលក់ប្រេងម្នាក់ទៀតឈ្មោះ សិត សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទិញប្រេង តូបនៅមុខសាលាបឋមសិក្សាវត្តគោកផ្លូវវេងស្រេង។
តាមសម្ដីបុរសជាម្ចាស់រថយន្តបាននិយាយថានៅមុនពេលកើតហេតុ រូបគាត់កំពុងតែបើករថយន្តគោលបំណងទៅផ្ទះនៅផ្សារដេប៉ូស្រាប់តែឃើញ រថយន្តរបស់គាត់ចំនួន២គ្រឿងកំពុងចតនៅតាមបណ្តោយផ្លូវវេងស្រេងដែលនៅចំកន្លែងបូមប្រេងលក់។ បន្ទាប់មករូបគាត់បានចុះមកមើលហើយឃើញអ្នកទិញនិងតៃកុងរថយន្តរបស់គាត់កំពុងបូមប្រេងលក់ខណៈនោះរូបគាត់យកទូរសព្ទថតទុក រួចរត់ទៅប្ដឹង នគរបាលប៉ុស្តិ៍ចោមចៅមកអន្តរាគមន៍ឃាត់តៃកុងរថយន្តរបស់គាត់២នាក់និងអ្នកទិញដែលកំពុងបូមប្រេងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុខាងលើជនសង្ស័យទាំង៣នាក់ ត្រូវនគរបាលប៉ុស្តិ៍សួរនាំ ចំណែកម្ចាស់រថយន្តបានដាក់បណ្តឹងដើម្បីឲ្យធ្វើតាមច្បាប់ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ៕
មតិយោបល់