ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិឥស្លាមម្នាក់ ករណីឆបោកម៉ូតូ

កណ្ដាលៈ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី មានករណីឆបោកម៉ូតូ ចំណុចស្ថិតក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ស្មាន់ ទាល់ ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅៗភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ ។
ជនសង្ស័យឈ្មោះ ហ្វា លីគ្រីយ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិភ្នំខៀវ ឃុំអូគ្រាង ស្រុកសំបូរ ខេត្តក្រចេះ មុខរបរ មិនពិតប្រាកដ។

សម្ភារៈបាត់បង់៖ ម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ចំនួន ០១គ្រឿងពុំចាំផ្លាកលេខ និងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ចំនួន ០១គ្រឿងពុំចាំផ្លាកលេខ ។

វត្ថុតាងចាប់យក៖
-ត្បូងពណ៌០៤កញ្ចប់ និង០២គ្រាប់។

សភាពរឿងហេតុ៖ ជនសង្ស័យឈ្មោះ ហ្វា លីគ្រីយ៉ា ភេទប្រុស បានទំនាក់ទំនងស្នេហាជាមួយចៅស្រីជនរងគ្រោះ មួយរយៈពេលមកហើយ និងធ្លាប់បាន មកលេងផ្ទះជនរងគ្រោះ ស្មាន់ ទាល់ ទៀតផង ហើយបានសន្យាថានិងឲ្យឪពុកម្ដាយចូលស្ដីដណ្ដឹងចៅស្រីជនរងគ្រោះថែមទៀត ។ បន្ទាប់ពីបានស្គាល់គ្នាមួយរយៈពេលហើយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ២និង០០នាទី ជនសង្ស័យ ក៏បានមកសុំទិញម៉ូតូ ពីជនរងគ្រោះ០១គ្រឿងម៉ាកហុងដាឌ្រីមសង់២០១៣ ពុំចាំផ្លាកលេខ ហើយជនរងគ្រោះ ក៏ព្រមលក់ក្នុងតម្លៃ៤០០
ដុល្លារ អាមេរិច។ នៅពេលនោះជនសង្ស័យពុំបានឲ្យប្រាក់ភ្លាមទេ ថែមទាំងសុំខ្ចីប្រាក់ចំនួន១០០ដុល្លារពីជន
រងគ្រោះទៀតផង ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំដដែល ឈ្មោះ ហ្វា លីគ្រីយ៉ា ក៏បានមកលេងផ្ទះជនរងគ្រោះ និងបានយកត្បូងពណ៌ខៀវ មកឲ្យជនរងគ្រោះទុកលក់ពេលបានប្រាក់ចែកគ្នាចាយ ហើយជនរងគ្រោះក៏ពុំបានទារប្រាក់ថ្លៃលក់ម៉ូតូដែរ។ មកដល់ថ្ងៃទី២៦ ខែឆ្នាំដដែល ជនសង្ស័យ ក៏បានមកសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ចំនួន ០១គ្រឿងពុំចាំផ្លាកលេខ ដោយបាននិយាយថា ជិះទៅយកត្បូងមកឲ្យជនរងគ្រោះបន្ថែមទៀត ហើយជនរងគ្រោះ ក៏ព្រមឲ្យទៀត។ ស្អែកឡើងថ្ងៃទី២៧ ខែឆ្នាំដដែល ជនសង្ស័យ ក៏បានយកត្បូងពណ៌ខៀវ០២គ្រាប់ មកឲ្យជនរងគ្រោះ តែពុំបានយកម៉ូតូឲ្យទេ ដោយប្រាប់ថា ត្រូវគេវាយយកម៉ូតូនោះបាត់ហើយ ។ លុះនៅថ្ងៃទី០៧ ខែ
មេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី ស្រាប់តែជនសង្ស័យ បានមកផ្ទះសង្សារខ្លួន ដែលជាចៅស្រីជនរងគ្រោះ ហើយពុំបានយកម៉ូតូមកឲ្យជនរងគ្រោះវិញទេ ទើបជនរងគ្រោះយល់ថាឈ្មោះ ហ្វា លីគ្រីយ៉ា ឆបោកម៉ូតូខ្លួន ទៅបាត់ហើយ ទើបឲ្យបងប្អូន កូនក្មួយ នាំគ្នាចាប់ជនសង្ស័យទុក និងដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។

បច្ចុប្បន្ន ជនសង្សយ័រួមនិងវត្ថុតាងត្បូងត្រូវ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

មតិយោបល់