ព័ត៌មានជាតិ

ប្រទះឃើញរថយន្តកុងតឺន័រ១គ្រឿង ដែលយកទៅប្លុងចោលនៅសង្កាត់ត្រពាំងក្រសាំង

ភ្នំពេញៈ ក្បាលរថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត តេងឡាយ ត្រូវបានចោរលួចដោះចេញពីកន្ទុយរ៉ឺម៉កដឹកទូកុងតឺន័រទទេ គ្មានទំនិញ រួចហើយបើកចេញទៅលួចថ្ពក់សណ្ដោងយកកន្ទយទូកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត ហេង ឡុង ដែលមានផ្ទុកអីវ៉ាន់ រោងចក្រកាត់ដេរពេញ រួចបានបើកគេចខ្លួនបាត់ក្នុងខណៈអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនទាំង២ខាងលើនោះ ចតរថយន្តចោល ចូលទៅលេងផ្ទះ។

ក្រោយពេលកើតហេតុពួកគេទាំង២នាក់ រួមជាមួយព្រូម្នាក់ផងក៏ត្រូវបាន ថៅកែធ្វើការឃាត់ខ្លួនរៀងៗខ្លួន ប្រគល់ឲ្យនគរបាលសាកសួរ និងកសាងសំណុំ រឿងចាត់ការតាមច្បាប់ ចំណែកឯក្បាលរថយន្តនិងកន្ទុយរ៉ឺម៉ក ដឹកកុងតឺន័រនោះត្រូវបានចោរបើកយកទៅប្លុង ចោលនៅតាមផ្លូវ បេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិវាល សង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង២៥នាទី រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។

នគរបាលបានឲ្យដឹងថា ក្បាលរថយន្តរបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-4425 បើកបរដោយឈ្មោះ រដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រីឯព្រូមិនត្រូវបានស្គាល់ឈ្មោះនោះឡើយ អ្នកទាំង២នាក់នេះត្រូវឃាត់ខ្លួនប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

ចំណែកកន្ទុយរ៉ឺម៉កដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត ហេង ឡុង ដែលត្រូវបានចោរលួចដែរនោះពាក់ស្លាកលេខ ព្រះសីហនុ4A-0143 មានផ្ទុយសម្ភារៈរោងចក្រកាត់ដេរ អ្នកបើកបរមិនត្រូវបានគេប្រាប់ឲ្យដឹងឈ្មោះឡើយ និងត្រូវបានឃាត់ខ្លួន ប្រគល់ឲ្យនគរបាលដែរ។
ប្រភពដដែលបានបន្តទៀតថា ហេតុការណ៍បាត់ក្បាលរថយន្ត និងកន្ទុយដឹកទូកុងតឺន័រខាងលើនោះ បានកើតឡើងកាលពីវេលា ម៉ោងប្រហែល៩យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយក្បាលរថយន្តបាត់នៅចំណុចតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកឯកន្ទុយរ៉ឺម៉កដឹកកុងតឺន័រ បានបាត់នៅត្រង់ចំណុចផ្លូវជាតិលេខ៤ដូចគ្នា តែស្ថិតនៅម្ដុំផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពខាងលើបានបននតទៀតថា នៅវេលាយប់ថ្ងៃកើតហេតុ ក្រោយពីដឹកសម្ភារៈទៅ ដាក់នៅចម្ការអំពៅក្រុមហ៊ុនលី យ៉ុងផាត់ ស្ថិតនៅក្នុង ស្រុកឱរាល់ ខេត្តកំពង់ស្ពឺរួចអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ម្នាក់និងព្រូម្នាក់ បានបើកដឹកទូកុងតឺន័រទទេរ ត្រឡប់មកកាន់ផែស្ងួត ដែលមានស្ថិតនៅតាម បណ្ដោយផ្លូវអូរដឹមកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យវិញ។ ប៉ុន្តែ នៅពេលបើកទៅដល់ ត្រង់ចំណុចភូមិព្រផ្ដៅ ឃំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏បានឈប់ដោយចតរថយន្តទុកនៅ តាមចិញ្ចើមផ្លូវជាតិលេខ៤ បន្ទាប់មកអ្នកបើកបរ និងព្រូបាននាំគ្នាចូលទៅលេងផ្ទះនិងមិនបានដកសោចេញឡើយ។ ចំណែកឯរថយន្តកុងតឺន័រក្រុមហ៊ុន ហេង ឡុង បានដឹកទំនិញរោងចក្រកាត់ដេរចេញពី កំពង់ផែខេត្តព្រះសីហនុ មកដាក់នៅផែស្ងួ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។លុះពេលទៅដល់ម្ដុំផ្សារថ្នលទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្ដាល ក៏បានឈប់និងបានដោះក្បាលបើកចេញ ហើយបើកទៅលេងផ្ទះ ដោយបានទុកតែកន្ទុយដែលដឹកកុងតឺន័រមានទំនិញនោះ ចោលគ្មានអ្នកយាមឡើយ។

ប្រភពដដែលបានបន្តថា រហូតដល់វេលាម៉ោងប្រហែល៩យប់ថ្ងៃដដែលទើប អ្នកបើកបររថយន្តក្រុមហ៊ុនទាំងពីរខាងលើបាន ដឹងថាបាត់ក្បាលរថយន្ត និងកន្ទុយរ៉ឺម៉កដឹកទូកុងតឺន័រ និងបានតាមរកគ្រប់ទីកន្លែងប៉ុន្តែមិនបានឃើញឡើយ ដោយឡែកអ្នកបើកបររថយន្តក្រុមហ៊ុនផែ ស្ងួតតេងឡាយ និងព្រូមិនបានរត់គេចខ្លួនទៅណាឡើយ។រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ បាននាំគ្នា ធ្វើដំណើរ ទៅកាន់ក្រុមហ៊ុនដើម្បីប្រាប់ថៅកែ ហើយក៏ត្រូវបានថៅកែសង្ស័យថាបានឃុបឃិត គ្នាជាមួយចោរក៏បានធ្វើការ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃដើម្បីសួរនាំ។រីឯ អ្នកបើកបររថយន្ត ក្រុមហ៊ុនផែស្ងួតហេងឡុង ក៏ត្រូវបានថៅកែឃាត់ខ្លួនប្រគល់ ឲ្យនគរបាលដែរ។ក្រោយមកក្បាលរថយន្តនិងកន្ទុយរ៉ឺម៉កកុងតឺន័រ ត្រូវបានចោរបើកយកទៅផ្លុងចោលតាមផ្លូវបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងត្រូវប្រជាពលរដ្ឋប្រទះឃើញ នាវេលាជិតភ្លឺឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ។ប៉ុន្តែរហូតដល់វេលាម៉ោង៣និង២៥ នាទីរសៀលថ្ងៃដដែល ទើបរាយការណ៏ជូននគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំងចុះទៅមើល ហើយបានហៅក្រុមហ៊ុនទាំងពីរឲ្យទៅទទួលយកក្បាលរថយន្តនិងកន្ទុយរ៉ឺម៉កដឹកកុងតឺន័រត្រឡប់ទៅវិញ ហើយបានឃើញមានទំនិញនៅ ក្នុងទូកុងតឺន័រនោះសល់ច្រើន ប៉ុន្តែមិនដឹងថាមានការបាត់បង់ខ្លះឬអត់នោះឡើយ៕

មតិយោបល់