(កាណាដា)៖ នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយនៅថ្ងៃសុក្រសប្ដាហ៍នេះ បីឆ្នាំ បន្ទាប់ពីជាប់ឃុំក្នុងផ្ទះនៅប្រទេសកាណាដា ក្រោយមានកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌អាមេរិកក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រី។
លោកស្រី Meng បានឡើងជិះយន្ដហោះភ្លាមៗចេញពីប្រទេសកាណាដា មកកាន់ទីក្រុង Shenzhen ដែលនេះជាការធ្វើមាតុភូមិនិវត្តន៍ជាលើកដំបូងបំផុតរបស់លោកស្រី ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីត្រូវបានអាជ្ញាធរកាណាដាឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋាន Vancouver តាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទប្រកាន់លោកស្រីពាក់ព័ន្ធនឹងបទក្លែងបន្លំជាច្រើនករណី។ ទំាងទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei បានច្រានចោលរាល់ ការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន។
លោកស្រី Meng Wanzhou មានអាយុ ៤៩ឆ្នាំ និងជាកូនស្រីរបស់លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានដោះលែងឱ្យមានសេរីភាពនៅក្នុងសវនាការ មួយក្នុងទីក្រុង Vancouver ប្រទេសកាណាដា ប៉ុន្មានម៉ោងក្រោយរដ្ឋអាជ្ញាអាមេរិកប្រកាសពីការឈានដល់កិច្ចព្រមព្រៀងដែលសម្រេចការព្យួរបទចោទប្រកាន់ហើយ អាចនឹងឈានទៅដល់ការទម្លាក់ចោលបទប្រកាន់ប្រឆាំងលោកស្រី Meng តែម្ដង៕
ប្រភព៖AFP
មតិយោបល់