កំពតៈ ដើមកញ្ឆាដែលជាប្រភេទគ្រឿងញៀនបែបធម្មជាតិ ត្រូវបានកម្លាំងនគរបាលប្រទះឃើញ និងកម្ទេចចោលបានជាង១០០ដើម នៅតំបន់ព្រៃមួយកន្លែងដែលគ្មានមនុស្សរស់នៅ។
ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១០ និង៤០ នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចព្រៃមួយកន្លែង នៅលើចង្កេះភ្នំទឹកឈូ ក្នុងភូមិម្លេចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ។
បើតាមប្រភពពីនគរបាលបានអោយដឹងថា ប្រភេទដើមកញ្ឆាខាងលើ គឺមានចំនួន១០៧ ដើម ត្រូវបានជនមិនស្គាល់មុខលួចដាំ ដោយស្ងាត់ៗ នៅតំបន់ខាងលើ ហើយត្រូវបានពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចុះពិនិត្យនិង បង្ក្រាបដោយកាប់បំផ្លាញគ្មានសល់។ រហូតមកដល់ពេលនេះនគរបាលមិនទាន់រកឃើញអត្តសញ្ញាណម្ចាស់ដើមកញ្ឆានេះនៅឡើយទេ ព្រោះតំបន់ខាងលើជាតំបន់ព្រៃ គ្មានដីកម្មសិទ្ធ។
គួររំលឹកថានៅក្នុងស្រុកទឹកឈូនេះ ជាពិសេសឃុំស្ទឹងកែវនេះតែម្តង គឺជាតំបន់សំបូរទៅដោយដំណាំកញ្ឆា ដែលកន្លងមកនគរបាលបានបង្ក្រាបការដាំជាហូរហែរដែរ តែនៅចេះសាបសូន្យទាល់តែសោះ មិនដឹងថាអ្នកដាំដើមកញ្ឆាទាំងនេះ មានបំណងយកទៅធ្វើអ្វីអោយពិតប្រាកដនោះទេ។
បើយើងនិយាយអំពីលក្ខណៈច្បាប់វិញកញ្ឆាក៏ជាប្រភេទគ្រឿងញៀនធម្មជាតិមួយដែរ ដែលច្បាប់បានហាមឃាត់ ហើយវាក៏បានធ្វើអោយអ្នកប្រើប្រាស់រងនូវឥទ្ធិពលអាក្រក់ផងដែរ មិនខុសពីប្រភេទគ្រឿងញៀនសំយោគនោះទេ បើសិនជាការប្រើប្រាស់គ្មានលក្ខណៈស្តង់ដារ ឬលើសកម្រិត៕




មតិយោបល់