ព័ត៌មានអន្តរជាតិ

តំណក់ទឹកភ្នែកជនជាតិភាគ​តិច​រ៉ូហ៊ីងយ៉ា ជាង១២០,០០០នាក់នៅតែហូរ ក្រោយពីគ្មានទីជម្រករស់នៅ

មីយ៉ាន់ម៉ា ៖ អង្គការ​សហប្រជាជាតិ​ប៉ាន់​ស្មាន​ថា ​ជន​ភៀស​ខ្លួន​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ​ជាង​១សែន​២ម៉ឺននាក់​បាន​ឆ្លង​កាត់​ព្រំ​ដែន​ពីរដ្ឋ Rakhine ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា​ចូល​ក្នុង​ប្រទេស​បង់ក្លាដែស​នៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ចុងក្រោយ​នេះ។ នេះបើតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

តាមសម្តីពីមន្ត្រីម្នាក់​ ប្រចាំ​តំបន់​អាស៊ី​ជាស្នងការទទួល​បន្ទុក​ជនភៀស​ខ្លួន ​របស់​អង្គការ​សហ​ប្រជាជាតិ (UNHCR) បានឲ្យដឹងថា ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​បាន​រស់​នៅ​រាយ​ប៉ាយ​នៅ​​ភូមិ​នានា ក្នុងជំរំ​ជន​ភៀស​ខ្លួន​ ស្ថិតនៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដែស។ ពួកគេ​ភាគ​ច្រើន​ បានធ្វើដំណើរ​ទៅ​ដល់​តំបន់​នោះ ​ជាមួយនឹង​ស្ថានភាព​ដ៏អាក្រក់​បំផុត ដោយពួកគេ​បាន​ដើរ​អស់​រយៈ​ពេល​ជា​ច្រើនថ្ងៃ​មក​ហើយ និងមិនបាន​ទទួលទាន​អាហារ​ចាប់​តាំង​ពី​ពួកគេ​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួនមកម្ល៉េះ។

សូមជម្រាបថា៖ ​ជំរំ​ជន​ភៀស​ខ្លួន​ផ្លូវការ២នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ​មាន​មនុស្ស​ច្រើន​ហួស​កម្រិត ដោយ​មាន​ការ​កើនឡើង​ជារៀង​រាល់​ថ្ងៃ ដែលពាក់ព័ន្ធនឹងបញ្ហានេះ មេដឹកនាំ​ជា​ច្រើន ​នៅ​ក្នុង​សហគមន៍​អន្តរជាតិ បាន​ធ្វើការថ្កោល​ទោស​លើអំពើ​ហិង្សា​នេះ ​ហើយ​បាន​អំពាវនាវ​ឲ្យរដ្ឋបាល​លោកស្រី អង់សាន ស៊ូជី ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ៕

មតិយោបល់