ព្រះសីហនុៈ លោកវរសេនីយ៍ឯក អ៉ី សុខា ស្នងការរងខេត្តព្រះសីហនុ ទទួលបន្ទុកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានគោយន្តកន្ត្រៃមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ចុះពីលើផ្លូវចំណោត ស្រាប់តែបើកធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ធ្លាក់អ្នករួមដំណើរ២នាក់ បណ្តាលឲ្យស្លាប់និងរបួសធ្ងន់ ចំណែកអ្នកបើកបរបានប្រញាប់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវលំ ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា គោយន្តកន្ត្រៃខាងលើនេះបើកបរដោយឈ្មោះ ម៉ាន់ ចិន ភេទប្រុស មុខរបរដុតធ្យូង ស្នាក់នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានអ្នករួមដំណើរលើចំនួន១០នាក់ មានទិសដៅពីវត្តអូរត្រជាក់ចិត្ត ឆ្ពោះទៅផ្ទះវិញ លុះដល់ចំណុចខាងលើផ្លូវចុះចំណោទត និងផ្លូវរថភ្លើងឆ្លងកាត់ គោយន្ដក៏បានធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់ធ្លាក់អ្នករួមដំណើរចំនួន២នាក់ ទី១ឈ្មោះ ឌុល ចន ភេទស្រី អាយុ៥៤ឆ្នាំ អ្នករួមដំណើរលើគោយន្ដ ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ អ៊ូ ស៊ីផា ភេទស្រី អាយុ៥៥ឆ្នាំ អ្នករួមដំណើរលើគោយន្ដ អ្នកទាំង២មានទីលំនៅដូចអ្នកបើកបរ។ ចំណែកអ្នកបើកបរគោយន្ដរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនាំយកគោយន្ដខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ផងដែរ៕




មតិយោបល់