ព័ត៌មានជាតិ

Update៖ ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួសធ្ងន់!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បានជិះបញ្ច្រាសទិសគ្នា បុកគ្នាពេញទំហឹង ខណ:ពេលដែលផ្លូវមួយចំហៀងត្រូវបានបិទបណ្តោះអាសន្ន ស្របពេលដែលគេកំពុងជួសជុលផ្លូវទ្បើងវិញ បណ្តាលឲ្យបុរសម្នាក់ បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ យី សំអឿន អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិត្រពាំងកំផ្លៀង ឃុំអង្គភ្នំតូច ស្រុកអង្គជ័យ ខេត្តកំពត ធ្វើដំណើរដោយម៉ូតូម៉ាកស៊ុយសាគីស្មាស់វី ពាក់ស្លាកលេខ តាកែវ 1E-6414 បើកបរម្នាក់ឯងទិសដៅពីជើងទៅត្បូង។ ចំណែកជនរងគ្រោះទាំង២នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-6215 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីស្មាស់របស់ជនរងគ្រោះដែលស្លាប់ បានបើកបរបញ្ច្រាសទិសចរាចរណ៍ ដោយសារតែផ្លូវមួយចំហៀងជួសជួលត្រូវបានបិទ លុះពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ីរូសខាងលើជិះគ្នា២នាក់បើកយ៉ាងលឿនក៏បានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឲ្យមានម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក២នាក់របួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ។

ក្រោយកើតហេតុភ្លាមៗ មានរថយន្តសាមុយចំនួន២គ្រឿងបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសម្នាក់ដែលបានស្លាប់បាត់បង់ជីវិតត្រូវបានសាច់ញាតិមកទទួលយកទៅដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងនឹងយកទៅរក្សាទុកនៅធនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយបន្តទៀត៕

មតិយោបល់