ព័ត៌មានជាតិ

បង្អែមបាញ់ឌុក នំពៀ និងដំឡូងចំណិតកំប៉ុង មានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ដកហូត នៅផ្សារជីភូរ ខេត្តស្វាយរៀង

ស្វាយរៀងៈ​ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារជីភូរ ទីរួមខេត្តស្វាយរៀង ។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារចំនួន ២៦ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

* ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនរួមមាន៖
– បង្អែមបាញ់ឌុក ចំនួន ៥ គីឡូក្រាម
-នំពៀ ចំនួន ៨ គីឡូក្រាម
– នំដំឡូងចំណិតកំប៉ុង ចំនួន ២៤ កំប៉ុង ។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់