ព័ត៌មានកីឡា

Mbappe ពិតជាកីឡាករគម្រូមែន

បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ត្រូវបានផ្លាស់មកកាន់ក្រុម Paris Saint Germain ក្នុងលក្ខខ័ណ្ឌខ្ចីជើង នាពេលថ្មីៗកន្លងមកនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ក្រុម Monaco ជាច្រើន បានរិះគន់ និងប្រើប្រាស់បណ្តាញសង្គមវាយប្រហារលើខ្សែប្រយុទ្ធរូបនេះយ៉ាងខ្លាំង។

បើទោះបីជា ទទួលនូវការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្ររបស់ក្លិបចាស់ Monaco ក៍ដោយ ចំពោះ Kylian Mbappe វិញហាក់ដូចជាមិនមានប្រតិកម្មទាក់ទងទៅនឹងបញ្ហានេះឡើយ។ យ៉ាងណាវិញ Mbappe បានផ្ញើសារឆ្លើយតប ទៅនឹងអ្នកគាំទ្រ របស់ក្រុម Monaco តាមរយ:​ Twitter ថា ៖ បើទោះបីជាអ្នកទាំងអស់គ្នាស្អប់ខ្ញុំ ក៍ប៉ុន្តែខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។ មួយឃ្លាពិតជាបង្ហាញឲ្យឃើញថា Mbappe ពិតជាកីឡាករមួយរូប ដែលមិនភ្លេចកំណើតដើមរបស់ខ្លួនឡើង បើទោះបីជា ផ្លាស់ទៅកាន់ក្លិបថ្មីហើយក៍ដោយ។ ម្យ៉ាងវិញទៀត Mbappe នៅតែមានមនោសញ្ចេតនា យ៉ាងល្អជាមួយក្រុម Monaco និងអ្នកគាំទ្រទាំងអស់ បើទោះបីជាត្រូវរងនូវការរិះគន់យ៉ាងខ្លាំងក៍ដោយ។

ទង្វើនេះ គឺខុសស្រឡះ ពីកីឡាករមួយចំនួន ដែលតែងតែឆ្លើយឆ្លងទៅកាន់អ្នកគាំទ្រក្លិបចាស់របស់ខ្លួន ជាមួយពាក្យពេជន៍មិនល្អឯ​និងពោរពេញទៅដោយលេសជាច្រើន ក្រោយពេលផ្លាស់ទៅកាន់ក្លិបថ្មី។ ដូច្នេះហើយ Kylian Mbappe នៅតែស្រឡាញ់ក្លិបចាស់របស់គេដដែល ក៍ប៉ុន្តែរូបគេត្រូវបំពេញតួនាទីជាកីឡាករល្អឲ្យក្រុម Paris Saint Germain ដើម្បីអនាគត់របស់គេ ក្នុងពិភពបាល់ទាត់ បន្តទៀត។

មតិយោបល់