ភ្នំពេញៈ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នៅថ្ងៃទី២ ខែមិថុនានេះ បានទទួលជួបលោក ឌិញ ឡាថាំង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាបក្សក្រុងហូជីមិញនៅទីស្តីការក្រសួង។
ជំនួបនេះ បានបង្ហាញពីការរឹតចំណងមិត្តភាពសាមគ្គីភាពនិងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញពិសេសមិត្តភាពរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមិត្តជិតខាងអ្នកភូមិផងរបងជិតគ្នាឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានោះ លោកស្រី ឧបនាយករដ្ឋមន្រ្តី បានរាយការណ៍ជូនពីស្ថានភាពសេដ្ឋកិច្ច នយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះដែលបានប្រែក្លាយប្រទេសមួយដែលត្រូវបានបំផ្លាញខ្ទេចខ្ទាំដោយសង្រ្គាមទៅជាប្រទេសដែលមានសន្តិភាពឯកភាពជាតិនិងមាន ការអផិវឌ្ឍន៍ ប្រកបដោយសក្កដានុពលលភាព។
លោកស្រ្តីបានបញ្ជាក់ថា ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ មានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំថេរ ក្នុងរង្វង់៧% វិស័យដែលនាំឲ្យមានកំណើនរួមមាន៖ ឧស្សាហកម្ម វិស័យកាត់ដេរសំលៀកបំពាក់ កសិកម្មទេសចរណ៍សេវាកម្ម សំណង់ និងធនាគារ។
លោកស្រីបន្តថា ភាពជឿនលឿនគួរឲ្យកត់សម្កាល់របស់កម្ពុជានេះ ត្រូវបានគាំទ្រដោយកត្តាស្ថិរភាព នយោបាយនិងគោលនយោបាយទីផ្សារសេរី និងកាគាំពារពាណិជ្ជកម្ម។
ចំណែកភាគីវៀតណាមលោកឌិញ ឡាថាំង បានជម្រុញឲ្យមានការរឹតចំណងមិត្តភាពនិងសាមគ្គីភាពបន្ថែមទៀតពិសេសបន្តជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យមួយចំនួនទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងជម្រុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ៕




មតិយោបល់