ព័ត៌មានជាតិ

​គំនុំមិនទាន់រលត់! ពូ​សាច់ឆ្ងាយ ប្រើ​ពូថៅ និង​កាំបិត ​កាប់​ប្រហារក្មួយខ្លួន ​ឡើង​សុះសាច់​ក្នុងវាល​ស្រែ

ព្រៃវែងៈ ករណីហិង្សាដោយចេតនា ​យុវជន​ម្នាក់ ​ត្រូវ​ពូខ្លួន ​យក​ពូថៅ និង​កាំបិត​ មកកាប់​ប្រហារ​ឡើង​សុះសាច់​ ​ក្នុងវាល​ស្រែ បណ្ដាលឲ្យរបួសយ៉ាងដំណំ។

ហេតុការណ៍​នេះ ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​១២ ​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែមក​រា ឆ្នាំ២០១៩ នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​ព្រែក​តាសរ ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។

ជនបង្កមានឈ្មោះ មាស សាវ៉ា​ន អាយុប្រមាណ​ជា ៣០​ឆ្នាំ ​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុខាងលើ ហើយ​ត្រូវជា​ពូ​សាច់​ឆ្ងាយ​របស់​ជន​រង​គ្រោះ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រុន ចិ​ត្រា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អ្នក​លឿង ឃុំ​ស្រុក​ជាមួយ​គ្នា។

តាមការរៀបរាប់របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បានឲ្យ​ដឹង​ថា ជន​ដៃដល់ និង​ជន​រង​គ្រោះ​ ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា នៅ​ក្នុង​វង់​ផឹកស៊ី កាលពី​ឆ្នាំ​២០១៥ ហើ​យជន​សង្ស័យក៏​ធ្លាប់​បាន​យក​កាំបិត​ផ្គាក់ ​ដេញ​កាប់​ជន​រង​គ្រោះ​ម្តង​ដែរ ប៉ុន្តែ​ជន​រង​គ្រោះ​រត់គេច​ខ្លួន​ទាន់។

សមត្ថកិច្ច បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​កំពុង​ឈរ​មើល​ម៉ាស៊ីន​ច្រូតស្រូវរបស់​ខ្លួន នៅពេលនោះ ​ស្រាប់តែ​ឃើញ​ជន​សង្ស័យ ​ជិះ​ម៉ូតូ​ទៅ​ជិត​ជន​រង​គ្រោះ ហើយ​ទាញ​ពូថៅ ​គប់​ទៅ​លើ​ជន​រង​គ្រោះ ​ត្រូវ​ចំ​ខ្នង​ជាប់​ផ្លែ​ពូថៅ​ចំ​កណ្តាល​ខ្នង ភ្លាម​ៗ​នោះ ​ជន​រង​គ្រោះ​ព្យាយាម​រត់​បាន​៣​ទៅ​៤​ម៉ែត្រ ​ក៏​ដួល​ទៅ​ក្នុង​ស្រូវ​របស់​អ្នកស្រុក បន្ទាប់មក​ជន​សង្ស័យ ​ក៏​កាន់​កាំបិត​តាម​ទៅ​កាប់​ចិញ្ច្រាំ​បាន​៣​ទៅ​៤​កាំបិត​ទៀត ​ទើប​ជន​រង​គ្រោះ​ស្ទុះ​រត់​មក​ដល់​ចិញ្ចើមថ្នល់ ត្រង់​ផ្លូវបំបែក​ជា​៤ ក៏​ត្រូវ​ជន​សង្ស័យ​តាម​ទាន់ បន្តកាប់​ជា​ច្រើន​កាំបិត​ទៀត ទើប​អ្នកស្រុកឃើញ ​ស្រែក​ឆោឡោ​ឡើង ហើយ​ជន​សង្ស័យ ​ក៏​ត្រូវ​ប្រពន្ធ​អូស​ដៃ​នាំ​រត់គេចខ្លួន​បាត់​ទៅ។

ក្រោយកើតហេតុ ​ជន​រង​គ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ ​ដឹក​តាម​រថយន្ត​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​ទីក្រុង​ភ្នំពេញ​ មិនទាន់ដឹង​ថាស្លាប់ ឬ​យ៉ាងណា​ទ្ប់យ៕

មតិយោបល់