ព័ត៌មានជាតិ

ឡើងចាប់រំលោភដល់លើផ្ទះបានសម្រេចហើយ ដោះយកគ្រឿងអលង្ការថែមទៀត

តាកែវ: ស្ទាវឡើងកម្នាក់បានធ្វើសកម្មភាពឡើងផ្ទះចាប់រំលោភស្រ្តីម្នាក់បានសម្រេចហើយ រួចដោះយកគ្រឿងអលង្ការអស់មួយចំនួន ហើយត្រូវសមត្ថកិច្ចស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃ០១ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ ដើម្បីសាកសួរតាមពាក្យបណ្ដឹងជនរងគ្រោះ។

អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២១ និង៤៥នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ បង្កឡើង ដោយជនសង្ស័យ ឈ្មោះ ប៉ិច ស្រស់ អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពឡើងទៅលើផ្ទះស្ត្រីរងគ្រោះឈ្មោះ ភិន សារឿន អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងដេកជាមួយនិងកូន ចាប់រំលោភរហូតបានសម្រេច រួចដោះយកគ្រឿងអលង្ការមានខ្សែកមួយខ្សែទម្ងន់២ជី ចិញ្ចៀនមួយវង់ទម្ងន់១ជី ព្រមទាំងប្រាក់៥០០,០០០រៀល រួចក៏រត់គេចខ្លួន។ លុះព្រឹកឡើងស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ឲ្យជួយស្វែងរកចាប់ខ្លួនជនសង្ស័យ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីស្រ្តីរងគ្រោះរួចមក កម្លាំងជំនាញនៃអធិការនគរបាលស្រុក ក៏បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យយកសាកសួរ។ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភស្រ្តីរងគ្រោះ និងដោះយកគ្រឿងអលង្ការមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនមកកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបន្តចាត់ការតាមផ្លូវច្បាប់៕

tt

មតិយោបល់