ភ្នំពេញៈ ក្រោយលេចឮព័ត៌មានថា មានមេធាវីមួយចំនួនគ្រោងធ្វើញត្តិទាមទារឲ្យដោះលែងលោកមេធាវី ពេជ រតនា ដែលជាជនសង្ស័យពាក់ព័ន្ធក្នុងសំណុំរឿងអំពើពុករលួយ រហូតត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននោះ ប្រធានគណៈមេធាវីកម្ពុជា លោក ប៊ុន ហុន បានច្រានចោលព័ត៌មាននេះ ដោយបញ្ជាក់ថា គណៈមេធាវីមិនអនុញ្ញាតឲ្យមេធាវីណាម្នាក់ ធ្វើខុសច្បាប់ទេ។
លោក ប៊ុន ហុន ថែ្លងប្រាប់ Post News នៅរសៀលមុននេះបន្តិចថា “ក្នុងឋានៈជាមេធាវី យើងគិតលើផ្លូវច្បាប់ មិនត្រូវគិតរឿងនយោបាយទេ ច្បាប់មិនឲ្យធ្វើបែបហ្នឹងទេ”។
លោក ប៊ុន ហុន បានសង្កត់ធ្ងន់ថា កាលពីថ្ងៃម្សិលមិញ គណៈមេធាវីបានចេញលិខិតមួយដោយឲ្យមេធាវីអនុវត្តទៅតាមផ្លូវច្បាប់ មានក្រមសីលធម៌ជាមេធាវី។ លោកបន្តថា គណៈមេធាវីគ្មានសិទ្ធិហាមបុគ្គលម្នាក់ៗនោះឡើយ ប៉ុន្តែសុំឲ្យអនុវត្តទៅតាមផ្លូវច្បាប់ ដោយគណៈមេធាវីគ្រាន់តែឲ្យមេធាវី ៦រូប ឡើងការពារក្ដីឲ្យមេធាវី ពេជ រតនា ទៅតាមផ្លូវច្បាប់ប៉ុណ្ណោះ។
ពាក់ព័ន្ធការចាប់ខ្លួនមេធាវីខាងលើ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់សារព័ត៌មាន Post News ថា “យើងជឿថា មេធាវី ជាអ្នកច្បាប់ ធ្វើអីទៅតាមផ្លូវច្បាប់ មិនធ្វើខុសអ្វីនោះឡើយ”។
សំណុំរឿងមេធាវី ពេជ រតនា មិនទាន់ត្រូវបានបញ្ចប់នោះទេ ខណៈដែលតុលាការកំពុងធ្វើការសាកសួរ គិតត្រឹមរសៀលថ្ងៃទី២ ខែមិថុនានេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនមកកាន់តុលាការ កាលពីម៉ោង៨ព្រឹកមិញនេះ។
គួរជម្រាបថា មេធាវី ពេជ រតនា ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ទល់មុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦៕




មតិយោបល់