ព័ត៌មានជាតិ

ផឹកស៊ីស្រវឹង កើតជាទំនាស់វាយតបគ្នា ម្នាក់ដេកចូលពេទ្យ ឯងម្នាក់ទៀតចូលប៉ុស្តិ៍

កណ្ដាល: កាលពីវេលាម៉ោង ១៩.១៥នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុចកើតហេតុ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីហិង្សាដោយចេតនា។

ជនរងគ្រោះឈ្មោះ សុត មករា(ប៊ូស) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ នុប ចិន្តា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយ ដែកស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ រណាដៃផ្លែដែកដងជ័រ មានប្រវែង០,៥៦ ម៉ែត្រ(០១)។

ដំណើររឿង: នៅវេលាម៉ោង១២ និង១៥នាទីថ្ងៃកើតហេតុ ជនសង្ស័យ និងជនរងគ្រោះទាំង២នាក់ បានជួបជុំគ្នាផឹកស្រានៅផ្ទះជនសង្ស័យ។ រហូតដល់ម៉ោងប្រហែល ១៧ និង៥នាទី បាននាំគ្នាផឹកស្រាបន្តទៀតនៅផ្ទះឈ្មោះ ធី នៅក្បែរគ្នានោះដែរ ក្រោយមកនៅម៉ោង១៩ និង១៥នាទី ជនរងគ្រោះបានស្រវឹងស្រា និយាយមិនស្តាប់គ្នា ទើបជនសង្ស័យ បានដេញជនរងគ្រោះឲ្យទៅផ្ទះ។ មួយសន្ទុះក្រោយមកជនរងគ្រោះ បានត្រឡប់មកវិញ ហើយដាល់ជនសង្ស័យ១ដៃចំ ក្តោងច្រមុះ ពេលនោះជនសង្ស័យខឹង បានវាយតប់ទៅវិញ ដោយដៃទទេ ក្រោយមកជនរងគ្រោះ បានយកដំបងមករកវាយជនសង្ស័យវិញ ឃើញដូចនោះជនសង្ស័យ បានរត់ទៅផ្ទះរបស់ខ្លួន ទៅយករណាអាឈើមានប្រវែង០,៥៦ម៉ែត្រយកមកកាប់ជនរងគ្រោះវិញចំក្រលាក់កែងដៃខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិជនរងគ្រោះ បញ្ជូន ទៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយមកឪពុកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយដែក នៅវេលាម៉ោង២០ និង៣៥នាទី។ បន្ទាប់ពីបានទទួលបានបណ្តឹងរួច កម្លាំងប៉ុស្តិ៍បន្ទាយដែក បានចុះទៅដល់កន្លែង កើតហេតុ ធ្វើការឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយករណាអាឈើ កាប់ទៅលើជនរង
គ្រោះ ត្រូវចំដៃប្រាកដមែន។ ក្រោយពីបានសួរនាំរួច កម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់