ព័ត៌មានជាតិ

ឲ្យរាង! ឃើញម្ចាស់គេភ្លេចយកសោចេញពីម៉ូតូ លួចរបស់គេជិះរត់បានប្រហែល៣០០ម៉ែត្រ ត្រូវគេដាក់មើលលែងយល់!

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានជនសង្ស័យម្នាក់ ឃើញសោម៉ូតូគេជាប់នៅម៉ូតូ បានឈ្លៀតឱកាសធ្វើសកម្មភាពលួចជិះរត់បានប្រហែល៣០០ម៉ែត្រ ត្រូវម្ចាស់គេទាន់ស្រែកផ្អើលពលរដ្ឋនាំគ្នាដាក់ស្វាគមន៍យ៉ាងចាស់ដៃមើលលែងយល់ ទើបប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅខាងលិចផ្សារសាំហាន់ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនទើបចេញពីធ្វើការដូចសព្វដង ខណ:ដែលជិះម៉ូតូមកដល់បន្ទប់ជួល ខ្លួនបានទុកម៉ូតូនៅខាងក្រោមដោយមិនបានដកសោចេញ រួចខ្លួនឡើងទៅបន្ទប់ដើម្បីយកលុយទិញម្ហូប លុះចុះមកវិញ អ្នកជិតខាងបានសួរខ្លួនថា មានឲ្យម៉ូតូទៅពីណាខ្ចីជិះអត់ ខ្លួនតបវិញថា អត់បានឲ្យគេខ្ចីទេ ទើបដឹងថាខ្លួនត្រូវចោរលួចម៉ូតូក៏ស្រែកផ្អើលឆោឡោដល់គេឯង និងបានប្រាប់ពីភិនភាគម៉ូតូ ឲ្យគេជួយតាមរកស្រាប់តែឃើញជនសង្ស័យជិះបានប្រហែល៣០០ម៉ែត្រពីកន្លែងកើតហេតុ ក៏មានប្រជាពលរដ្ឋឃើញដេញតាមចាប់បាន ស្វាគមន៍ខ្លះទាត់ ខ្លះធាក់ បណ្តោលឲ្យជនសង្ស័យបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន។

ជនសង្ស័យនេះមានឈ្មោះ យន់ ណាម៊ិច អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ រីឯម៉ូតូរបស់ជនរងគ្រោះ ម៉ាកZoomer-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GA-1483 ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់