ភ្នំពេញៈ លោកតាវ័យ ៨៥ឆ្នាំម្នាក់ ខណៈដែលជិះម៉ូតូទៅរកទិញនំ ផ្លែឈើ ទុកសម្រាប់ទៅវត្ត វិលត្រឡប់មកវិញត្រូវបានរថយន្តបែនបើកបុកជាន់អូស ផ្តាច់យកជីវិតយ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកតារងគ្រោះមានឈ្មោះ កួយ បាន អាយុ ៨៥ឆ្នាំ មានទីលំនៅក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ លោកតាជិះម៉ូតូឆាលី ពណ៌បៃតង ពាក់ផ្លាកលេខ ត 8203 ភព1 ធ្វើដំណើរយឺតៗ តាមផ្លូវបេតុងក្នុងភូមិពីត្បូងទៅជើង ដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្កបែន ពណ៌ខៀវ គ្មានផ្លាកលេខ បើកពីលិចទៅកើត បុកកិនអូសជនរងគ្រោះ ប្រមាណជាង ១០ម៉ែត្រ ស្លាប់កល់ជាប់កង់រថយន្ត អ្នកបើកបរ ចុះរត់គេចខ្លួនបាត់ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ លោកតាគ្រាន់តែប្រាប់កូនចៅ អ្នកផ្ទះថា ទៅរកទិញផ្លែឈើ នំ ទុកសម្រាប់ទៅវត្ត ចេញបាត់មួយសន្ទុះ ក៏ឮដំណឹងថា ជួបគ្រោះថ្នាក់នេះតែម្តង ។
ករណីខាងលើកើតឡើង សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ជាក់ស្តែង រួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងដឹកសពយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការភ្នំពេញ ដើម្បីកសាងឯកសារតាមនីតិវិធី ៕






មតិយោបល់