ភ្នំពេញៈ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ៖
-ទី១ឈ្មោះ យ៉េន សុបញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល៣០ឆ្នាំ ពីបទ ឃាតកម្មគិតទុកជាមុន និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងបូរីប៉េងហួត តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឬទ្ធី យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
-និងទី២ឈ្មោះ ហ៊ី សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ (នៅក្រៅឃុំ) ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ដោយព្យួរទោសទាំងអស់ ពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៩៩ និងមាត្រា ៤០០នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅជនជាប់ចោទ បានសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនបានទិញគ្រឿងញៀន មកប្រើប្រាស់ និងបានខលហៅជនរងគ្រោះ មកជួបដើម្បីនៅផ្សារឃ្លាំងរំសេវ និងឱ្យនាងយកលុយ៣០ដុល្លារ ទៅលស់យកទូរសព្ទរបស់ខ្លួនមកប្រើវិញ។
ដោយសារតែខ្លួនប្រើប្រាស់គ្រឿងញៀន ជ្រុលទើបកើតគំនិតសម្លាប់នាងនៅក្នុងបុរីប៉េងហួត ដើម្បីប្លន់យកម៉ូតូម៉ាកស្កុតពី ពណ៌ស ស៊េរី២០១៣ យកទៅបញ្ចាំឱ្យឈ្មោះ ហ៊ី សុភ័ក្រ បាន ៣២០ដុល្លារ ដើម្បីសងបំណុលគេនៅកន្លែងធ្វើការចំនួន ២០០ដុល្លារ តែម្តង។
យោងតាមអំណានចម្លើយរបស់ជនជាប់ចោទឈ្មោះ ហ៊ី សុភ័ក្រ បានបញ្ជាក់ថា ខ្លួនពិតជាបានទទួលបញ្ចាំម៉ូតូស្កុតពី ពីឈ្មោះ យ៉េន សុបញ្ញា ពិតប្រាកដមែន ក្នុងតម្លៃ៣២០ដុល្លារព្រោះម៉ូតូនោះគ្មានឯកសារ។ ក្រោយមកមានបក្ខពួករបស់ឈ្មោះ យ៉េន សុបញ្ញា បានទាមទារលុយបន្ដែម ៥០ដុល្លារទៀតតែខ្លួនមិនព្រម ក៏ប្តឹងទៅនគរបាលតែម្តង ឱ្យមកទទួលម៉ូតូនោះទៅរក្សាទុក។
គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនជាប់ចោទឈ្មោះ យ៉េន សុបញ្ញា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្រុកកោះធំ ខេត្តកណ្តាល ក្រោយពីរូបគេ បានរឹតកជនរងគ្រោះឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិកក្លឹប៥៥ ជាសង្សារ ប្លន់យកម៉ូតូម៉ាកស្កុបពី យកទៅបញ្ចាំ យកលុយជក់គ្រឿងញៀន។
ក្រោយពេលសម្លាប់ជនរងគ្រោះរួច ជនជាប់ចោទបាន យកសពទៅផ្លុងចោលក្នុងគំនរសំរាមតាមបណ្ដោយផ្លូវ១០០៣ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ លុះដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង៕
https://youtu.be/-gGkyccbtAI
មតិយោបល់