ព័ត៌មានបច្ចេកវិទ្យា

អាជីវកម្មស្មាតហ្វូន HTC អាចនឹងលក់ឱ្យ Google ខណៈការចរចារឈានដល់ដំណាក់កាលចុងក្រោយ

យោងតាមរបាយការណ៍ព័ត៌មានថ្មីមួយចេញផ្សាយដោយកាសែត Commercial Times របស់តៃវ៉ាន់ បានឱ្យដឹងថា កិច្ចចរចារទិញអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន HTC ពីសំណាក់ក្រុមហ៊ុន Google បានឈានដល់ដំណាក់កាលចុងក្រោយហើយ បន្ទាប់ពីការប៉នប៉ងនេះ បានចាប់ផ្តើមតាំងពីឆ្នាំមុនមក។

របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនយក្ស Google កំពុងពិចារណា​លើ​ជម្រើសពីរគឺ ថាតើគួរតែក្លាយជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនផលិតស្មាត​ហ្វូនរបស់តៃវ៉ាន់ ឬក៏ទិញយកអាជីវកម្មស្មាតហ្វូនរបស់គេទាំងស្រុងតែម្តង។

កាលពីខែសីហា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន HTC បានជួបការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល​ ១៣ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រាក់ចំណូលក្រុមហ៊ុនធ្លាក់ចុះដល់ ៥១.៥% ធៀបទៅនឹងខែកក្កដា និង ៥៤.៣% ធៀបទៅនឹងខែដដែលកាលពីឆ្នាំមុន។

ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ចំណាស់មួយនេះ បានត្រាំត្រែងជាមួយនឹងបញ្ហាលក់ធ្លាក់​ចុះ ឬមិនគ្រប់ចំនួនគោលដៅជាច្រើនលើក ដែលធ្វើឱ្យខ្លួនជួបបញ្ហាហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។

នៅក្នុងខែមិថុនា HTC U11 បានជួយជ្រោងក្រុមហ៊ុនដែលមានមូលដ្ឋាននៅតៃ​វ៉ាន់ងើបពីការលក់ធ្លាក់ចុះ ប៉ុន្តែ ក្រោយពីពីរខែដំបូងបន្ទាប់ពីវាមានវត្តមាននៅ​លើទីផ្សារ ចំនួននៃការលក់ក៏ធ្លាក់ចុះជាបន្តបន្ទាប់ទៅវិញ។

គួរបញ្ជាក់ថា HTC បានចាប់ដៃគូជាមួយក្រុមហ៊ុន Google ផលិតចេញទូរសព្ទ Google Pixel និង Pixel XL ហើយខ្លួនទំនងជាបន្តផលិតស៊េរីបន្ទាប់របស់វាគឺ Pixel 2 សម្រាប់ក្រុមហ៊ុនអិុនធើណែតយក្សអាមេរិកទៀត។

សម្រាប់ព័ត៌មានលំអិតទាក់ទងទៅនឹងការចរចាររវាងក្រុមហ៊ុនទាំងពីរ ពុំទាន់ត្រូវបានបង្ហើបឱ្យដឹងនោះទេ។ ដូច្នេះ ចង់ដឹងថាតើ អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន HTC នឹងក្លាយជារបស់ក្រុមហ៊ុន Google ឬក្រុមហ៊ុនទាំងពីរនឹងក្លាយជាដៃគូយុទ្ធនឹងគ្នា គឺមានតែរងចាំមើលបន្តទៀតប៉ុណ្ណោះ៕

ប្រភពព័ត៌មានៈ androidheadline

មតិយោបល់