កោះកុងៈ លោកវរសេនីយ៍ទោ ជា សារិន អធិការស្រុកមណ្ឌលសីមា បានប្រាប់ Post News ថា បន្ទាប់ពីមានករណីឃាតកម្មស្ទាវសម្លាប់ស្ទាវរួចមក ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបានហើយ ក្រោយពីជនបង្កខាងលើនេះ បានវាយបំបែកដប រួចចាក់ទៅលើយុវជនម្នាក់ទៀតបណ្តាលឲ្យស្លាប់។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយបានកើតឡើង ដោយជនដៃដល់បានវាយបំបែកដប រួចយកទៅចាក់លើយុវជនម្នាក់ទៀតដែលជាជនរងគ្រោះបណ្តាលឲ្យស្លាប់នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ក្រោយពីបង្កហេតុហើយនោះ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយមកសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋ និងលោកមេភូមិ ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបានហើយ កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខណៈដែលជនដៃដល់រូបនេះ បានលួចរត់មកពួននៅក្នុងព្រៃ។
ជនដៃដល់ខាងលើនេះមានឈ្មោះ នួន សុធា ហៅតឿ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ។ ចំណែកជនរងគ្រោះមានឈ្មោះ តាំ វ៉ាន់ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែក។
បច្ចុប្បន្នជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕





មតិយោបល់