ព័ត៌មានកីឡា

អាចទេ ដែល Man Utd មិនបន្តកុងត្រាថ្មីដល់លោក Mourinho

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុមបីសាចក្រហម Manchester United នឹងជួបជាមួយប្រធានក្លិបនៅវិច្ឆិកា ខាងមុខនេះ ដើម្បីនិយាយពីកុងត្រាថ្មីរបស់លោក។

បើតាមការចុះផ្សាយលើ Telegram បានឲ្យដឹងថា លោក Jose Mourinho កំពុងត្រៀមខ្លួន ដើម្បីជួបប្រធានក្លិបបីសាចក្រហម Manchester United ពីអនាគត់របស់លោក នៅ Old Trafford នេះ។ ជាការពិតណាស់ កុងត្រារបស់លោក Mourinho នឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០១៩ខាងមុខនេះ ក៍ប៉ុន្តែសម្រាប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ មានបំណងចង់បន្តដឹកនាំក្រុម បីសាចក្រហម យូរអង្វែងទៀត។ លោក Mourinho បានជួយជ្រោមជ្រែង Man Utd ឲ្យមានភាពប្រសើរជាងមុនច្រើន បើទោះបីរដូវកាលមុន មិនឈ្នះពាន Premier League ក៍ដោយ តែលោកបានជួយក្រុមឲ្យឈ្នះពាន Europa League លើកដំបូង នឹងបានឡើងទៅកាន់ការប្រកួត ពានរង្វាន់ UEFA Champion League វិញ។

ម្យ៉ាងវិញទៀត លោក Jose Mourinho បាននាំយកកីឡាករវ័យក្មេងល្អៗ ជាច្រើនមកពង្រឹងក្លិប ឲ្យកាន់តែខ្លាំងក្លាជាងមិន។ យ៉ាងណាវិញ ទាក់ទងជាមួយនឹង អនាគត់របស់លោក Jose Mourinho ក្នុងការបន្តនៅ Old Trafford បានយូរនោះ មិនទាន់ច្បាស់នៅឡើយទេ ព្រោះថា Man Utd​ កំពុងរង់ចាំមើល ការពង្រឹងក្រុម របស់លោកនាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរកម្រិតណា ជាពិសេសនោះគឺ ក្លុបចង់ឈ្នះពាន Premier League ដែលចាំមើលថា លោក Mourinho អាចធ្វើបានឬយ៉ាងណា។

គួរបញ្ជាក់ផងដែរថា អ្នកចាត់ការ ២រូបមុនការមកដល់ របស់លោក Jose Mourinho មានលោក Luis Van Gaal និងលោក David Moyes សុទ្ធសឹងដឹកនាំក្រុម បីសាចក្រហម Manchester United បានត្រឹម ២រដូវកាលប៉ុណ្ណោះ។ ដូច្នេះហើយ រង់ចាំមើលថា តើក្រុមបីសាចក្រហម Manchester United យល់ព្រមបន្តកុងត្រាថ្មី ដល់ Special One ឬយ៉ាងណា? ខណៈនាពេលបច្ចុប្បន្ននេះលោក Jose Mourinho បានជួយជ្រោមជ្រែងឲ្យក្រុមបីសាចក្រហម វិលមករកភាពខ្លាំងវិញបាន។

មតិយោបល់