ព័ត៌មានជាតិ

ប្រញ៉ាប់ដឹកកូនទៅសាលាមិនប្រយ័ត្នទៅបុកគោញី១ក្បាលដើរឆ្លងផ្លូវបាក់ជើងម្ខាង ចំណែកឯរថយន្តខូតខាតយ៉ាងដំណំ!

ភ្នំពេញៈ ស្រ្តីវ័យក្មេងម្នាក់បានបើករថយន្តម៉ាកព្រុស១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានទៅបុកគោញី១ក្បាលដើរឆ្លងផ្លូវ បណ្តាលឲ្យបាក់ជើងមុខម្ខាង ចំណែកឯរថយន្តកំពិត និងបែកស្តុបផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ ខណៈដែលនារីម្នាក់នោះប្រញ៉ាប់ដឹកកូនយកទៅសាលារៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញគោញី ពណ៌ក្រហម ១ក្បាល បានដើរក្នុងទិសដៅពីលិចទៅកើត ក្នុងបំណងដើរឆ្លងកាត់ផ្លូវ៦០ម៉ែត្រនោះ ក៏ស្រាប់តែមានរថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-9402 មួយគ្រឿង ដែលបើកបរដោយស្ត្រីវ័យក្មេងម្នាក់ដឹកកូនប្រុសម្នាក់របស់ខ្លួនទៅសាលារៀនក្នុងទិសដៅពីជើងទៅត្បូង។ដោយខ្វះការប្រុងប្រយ័ត្ននោះ ក៏បានទៅបុកមេគោ១ក្បាលនោះ បណ្តាលឲ្យបាក់ជើងមុខម្ខាង ចំណែកឯរថយន្តកំពិត និងបែកស្តុបខាងមុខផ្នែកខាងស្តាំរងការខូតខាតយ៉ាងដំណំ ភ្លាមនោះស្ត្រីម្ចាស់រថយន្ត ក៏បានចុះធ្វើការចាប់មេគោ១ក្បាលនោះចងទុក ដើម្បីរកម្ចាស់មកធ្វើការដោះស្រាយផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ ដោយបានអះអាងថា គោញី១ក្បាលនេះទំនងជាបានរត់រួចពីកុងស៊ីកាប់គោណាមួយហើយ ព្រោះគោនេះវាខុសពីគេ ដោយគោផ្សេងមានម្ចាស់ និងមានខ្សែរកន្លុះត្រឹមត្រូវ រួចក៏យកទាំងគោ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្វែងរកម្ចាស់មកធ្វើការដោះស្រាយជាបន្តទៅទៀតផងដែរ៕

មតិយោបល់