កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូកង់បី បញ្ច្រាសទិសគ្នា បណ្តាលមនុស្ស២នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៨៩-៩០ ត្រង់ចំណុចខាងត្បូងសាលាសង្កាត់កំពង់ឆ្នាំង ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
មុនពេលកើតហេតុ គេឃើញមានរថយន្តធុន ទេសចរ(VIP)របស់ក្រុមហ៊ុន Cambotra Express ពាក់ស្លាកលេខ ភ្នំពេញ2X-8156 មានដឹកភ្ញៀវជនបរទេស៦នាក់ ស្រី៣នាក់ បើកបរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ម៉ូតូកង់បី(ដឹកទឹកកក)បើកបរមានអ្នកជិះប្រុស២នាក់ពីជើងផងទៅត្បូង ក៏បើករ៉េចង្កូតទៅប៉ះជាមួយរថយន្តបណ្ដាលឲ្យអ្នកជិះម៉ូតូកង់បីរងរបួសធ្ងន់ទាំង២នាក់ ចំណែកភាគីរថយន្តពុំមានអ្នករបួសឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយទាំង២គ្រឿង បានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយតាមនិតិវិធី ច្បាប់៕









មតិយោបល់