(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងនៅរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះថា មន្រ្តីពន្ធនាគារគ្រប់រូប ត្រូវផ្តោតលើវិធានការជាក់ស្តែង ដើម្បីកែរសម្រួលនូវរបៀបរបបការងារ សំដៅលុបបំបាត់នូវរូបភាពអវិជ្ជមាន ព្រមទាំងពង្រឹងការងារគ្រប់គ្រងពន្ធនាគារ ស្របតាមយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារ។
ថ្លែងក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យមន្រ្តីពន្ធនាគារគ្រប់ជាន់ថ្នាក់ ខិតខំប្រឹងប្រែងបន្តពង្រឹង នូវគ្រប់សកម្មភាពភារកិច្ច នៅតាមពន្ធនាគារទូទាំងរាជធានី និងបណ្តាខេត្តនានា ហើយរួមគ្នាអនុវត្តន៍ឲ្យបាន ផ្សារភ្ជាប់ផែនការឈានដល់សម្រេចគោលដៅ ដោយជោគជ័យ។
ពិសេស សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ ចំពោះការពិនិត្យមើលលើការបន្ថរបន្ថយទោស ទៅលើទណ្ឌិត និងត្រូវត្រួតពនិត្យឲ្យបានម៉ត់ចត់ ដោយត្រូវធានាថា ជនត្រូវបានបន្ធូរបន្ថយទោស ឫលើកលែងទោស គឹជាជនដែលបានបំពេញគ្រប់លក្ខណៈ ដែលបានបំពេញសមាហរណកម្ម និងអាចក្លាយជាពលរដ្ឋល្អវិញបាន។
គួររំលឹកថា ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចប្រកាសតែងតាំង ឋានៈតួនាទី និងភារកិច្ចផ្តល់ដល់ ឧត្តមសេនីយ៍ឯក ចាន់ គឹមសេង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ជាផ្លូវការ ផងដែរ៕
មតិយោបល់