(ព្រះវិហារ)៖ មនុស្សចាស់ក្មេង ៤នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្រុករវៀង ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ រថយន្តសាំយ៉ុង ២គ្រឿងបុកគ្នា ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៤ និង ២៥នាទីសៀល ថ្ងៃទី០៧ មេសា ២០១៦ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
អ្នកឃើញហេតុការណ៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីតៃកុងបើកបររថយន្តសាំយ៉ុង ពណ៌ស ១គ្រឿង ក្នុងស្ថានភាពស្រវឹងស្រា ហើយបានរ៉េចង្កូតទៅបុករថយន្តសាំយ៉ុង ១គ្រឿងទៀត យ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា។ ម្ចាស់រថយន្តរងគ្រោះនោះ រកស៊ីមុខរបរដឹកសម្ភារៈប្រើប្រាស់ លក់តាមភូមិ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា ក្មេងប្រុសម្នាក់រងរបួសស្រាល និងមនុស្សចាស់ ៣នាក់ទៀត រងរបួសធ្ងន់។ រថយន្តទាំង ២គ្រឿង ត្រូវបាននគរបាលប៉ុស្ដិ៍រដ្ឋបាលរមណីយ យកទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់