ព័ត៌មានជាតិ

បុរសម្នាក់ប្លន់មិនបានសម្រេច ត្រូវជាប់ខ្នោះ..

បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចមានស្ថានទំងន់ទោស( ប្រើប្រាស់កាំបិត) ។
ហេតុការណ៍ចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមទី២ ភូមិរំចេក៤ សង្កាត់រតនះក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកកាំបិតប៉័ងតោភ្ជុងទៅលើជនរងគ្រោះឈ្មោះ ស្រេង រដ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់គីឡូម៉ែត្រ៥ រាជធានីភ្នំពេញ។ ដោយបង្ខំឲ្យដោះខ្សែដៃឲ្យខ្លួនតែជនរងគ្រោះបានយកដៃគៀសចេញ ហើយជួនពេលនោះមានអ្នកធ្វើដំណើរតាមផ្លូវឆ្លងកាត់មកក៏ជនសង្ស័យបានដើរទៅជិះម៉ូតូចេញគេចខ្លួនបាត់ទៅ។ លុះដល់ម៉ោង២ និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋានក្រុងបាត់ដំបង បានធ្វើការល្បាតក្នុងភូមិសាសក្រុងបាត់ដំបង ក៏ប្រទះឃើញមុខសញ្ញានេះនឹងធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះហាន រំភ្លី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

សម្ភារៈដកហូតរួមមាន កាំបិតបុ័ងតោចំនួន១ដើម,កាំបិតវែងចំនួន១ដើម និងម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅចំនួន១គ្រឿង។

ក្រោយពីស្ដាប់ចម្លើយបានសារភាពថាខ្លួនពិតជាបាន ប្រព្រឹត្តអំពើខាងលើពិតប្រាកដមែន៕

មតិយោបល់