ព័ត៌មានជាតិ

អ្នកទទួលផលចោរកម្មឆ្លងខេត្តម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់តុលាកា​រ

តាកែវៈ ជនសង្ស័យម្នាក់ ដែលជាអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
បានសហការជាមួយកម្លាំងជំនាញនគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបាន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។

ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ សុន ថុល ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិឈូកស ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ។

គួររំលឹកដែរថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យិន សារិទ្ធ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណីចោរកម្ម (កាច់កម៉ូតូ) ពីក្នុងភូមិសាស្ត្រក្រុងដូនកែវ ហើយបម្រុងជិះរត់គេចខ្លួន។ ក្រោយពីធ្វើការសាកសួរ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ទើបឈានដល់ការចុះឃាត់ខ្លួនបានជនសង្ស័យជាអ្នកទទួលទិញផលចោរកម្ម ឈ្មោះ សុន ថុល នេះតែម្តង ។

លោកវរសេនីយ៍ឯក យុង ញីវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា តាមចម្លើយរបស់ជនសង្ស័យឈ្មោះ យិន សារិទ្ធ បានសារភាពថា ខ្លួន និងបក្ខពួកឈ្មោះ ចិន (រត់គេចខ្លួន) ធ្លាប់ធ្វើសកម្មភាពកាច់សោកម៉ូតូចំនួន៥លើក លើកទី១នៅខេត្តពោធិ៍សាត់ ទី២នៅខេត្តកំពង់ឆ្នាំង ទី៣-ទី៤ និងលើកចុងក្រោយនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាក់ស្តែងតែម្តង។ ហើយរាល់លើកពេលលួចបានសម្រេចខ្លួន និងបក្ខពួក តែងយកម៉ូតូទាំងនោះមកលក់ឲ្យឈ្មោះ សុន ថុល ដោយបានក្នុងតម្លៃចន្លោះពី៣០០ដុល្លារ ដល់៦៥០ដុល្លារ អាមេរិក ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់