ព័ត៌មានជាតិ

RANGE ROVER ស្លាកលេខ ភ្នំពេញ 2AM-6789 ឆ្លងផ្លូវមិនប្រយត្ន័ ត្រូវម៉ូតូបើកមកបុកពេញទំហឹងរបួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ ជិះរថយន្តម៉ាក RANGE ROVER ស៊េរីទំនើបឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ត្រូវម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងប្រុសស្រី២នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៥៦៦ កែងនិងផ្លូវ២៩១ ជាប់នឹងមន្ទីរព្យាបាលសុខុម ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់រួមដំណើបុរសម្នាក់ទៀត បើករថយន្តម៉ាកRANGE ROVER ស៊េរីទំនើប មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6789 បើកបរតាមផ្លូវលេខ២៩១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវ៥៦៦ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា ហាយកាតេ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R-9793 ជិះដោយមនុស្សប្រុសស្រី៣នាក់ ក្នុងទិសដៅពីលិចទៅកើតល្បឿនយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំទ្វារថយន្តខាងឆ្វេងផ្នែកខាងក្រោយ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកប្រុសស្រី២នាក់ទៀតរងរបួសស្រាល។ រីឯរថយន្តបានខូចខាតទ្វាខាងក្រោយផ្នែកខាងឆ្វេងបន្តិចបន្តួច ចំណេកម៉ូតូខូចខាតផ្នែកខាងមុខទៅលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា បានមួយសន្ទុះក្រោយមកភាគីទាំងសងខាងមិនមានខាងណាសងខាងណា ហើយម្ចាស់រថយន្តបានឡើងបើករថយន្តបន្តដំណើទៅមុខបាត់។ ចំណែកខាងម៉ូតូត្រូវបានមិត្តភក្តិហៅរម៉កម៉ូតូកង់បីដឹកបុរសដែលរងរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង៕

មតិយោបល់