ព័ត៌មានជាតិ

មិនដឹងប្រញាប់ទៅណា ជិះលឿនពេកទៅបុករថយន្តគេពេញទំហឹង ផ្លោងបោកផ្ទប់នឹងកញ្ចក់របួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់ បើកម៉ូតូលឿនពេក ខ្វះការប្រុងប្រយត្ន័ ដល់ផ្លូវបែកជាបួនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវចំផ្នែកកង់ខាងមុខផ្នែកខាងស្តាំពេញទំហឹង បោកផ្ទប់ទៅនឹងកញ្ចក់ខាងមុខ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BJ-1088 ជិះតាមផ្លូវ៦១៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវ២៨៧ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6992 បើករបរដោយបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀត ក្នុងទិសដៅពីជើងទៅត្បូង ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបោកផ្ទប់និងកញ្ចក់រថយន្តខាងមុខរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់