ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៧នាក់នៅខណ្ឌចំការមន

ភ្នំពេញៈ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី បានចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសដោយបានធ្វើការឃាត់ជនជាតិវៀតណាម ចំនួន ៧នាក់ (ស្រី ៣នាក់)នៅខណ្ឌចំការមន។

ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះកាត់ដេរផ្ទះលេខ ២៥R ផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីបានប្រាប់ឱ្យដឹងថា ក្នុងថ្ងៃនេះ កម្លាំងរបស់លោកបានធ្វើការសហការជាមួយនិងកម្លាំងនគរបាលការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។បានចុះប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅផ្ទះកាត់ដេរមួយកន្លែងខាងលើ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមននេះ ដោយបានរកឃើញជនជាតិវៀតណាមប្រុស ស្រីសរុបចំនួន ៧នាក់ ក្នុងនោះមានស្រីចំនួន ៣នាក់ ដែលកំពុងតែធ្វើការងារដោយគ្មានលិខិតស្នាមអ្វីទាំងអស់ខុស។

ក្រោយពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅចំណុចហាងកាត់ដេរខាងលើនេះរួចហើយ ក្រុមជនជាតិវៀតណាមប្រុស ស្រីទាំង ៧នាក់ (ស្រី ៣នាក់) ដែលបានឃាត់ខ្លួននត្រូវបានបញ្ជូនយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីរង់ចាំចាត់ការទៅតាមនិតិវិធីនៃច្បាប់ជាបន្តទៅទៀត៕

មតិយោបល់