នៅសល់តែជាង ១០ ម៉ោងទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បើកបង្ហាញទូរសព្ទ iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នឹងមកដល់ហើយ។ បើទោះបីជាថ្ងៃបើកបង្ហាញកាន់តែកៀកទៅហើយក្តី ក្រុមហ៊ុនហាក់បីដូចជាលាក់ព័ត៌មានទាក់ទងទៅនឹងផលិតផលជំនាន់បន្ទាប់របស់ខ្លួនបានជិតល្អណាស់ បើធៀបទៅនឹងបណ្តាក្រុមហ៊ុនគូប្រជែងដទៃ។
ប្រាកដណាស់ លក្ខណៈសម្បត្តិរបស់ iPhone ស៊េរីឆ្នាំ ២០១៧ ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ប៉ុន្តែ ព័ត៌មានជាច្រើនដែលអ្នកស្នេហាម៉ាកទូរសព្ទអាមេរិកចង់ដឹងបំផុត នៅតែឋិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ហើយក្នុងនោះ មានសំណួរចំនួន ៧ ដែលមានអ្នកសួរច្រើនបំផុត៖

១- តើ iPhone 8/ 8 Plus នឹងមានរូបរាងដូចម្តេច ហើយមានដំណើរការយ៉ាងណា?
យោងតាមព័ត៌មានចុងក្រោយ ឈ្មោះរបស់ iPhone ត្រូវបានផ្លាស់ប្តូរ ពី iPhone 7s, 7s Plus និង 8 ដែលជាម៉ូឌែលពិសេស ទៅជា iPhone 8, 8 Plus និង X។
ព័ត៌មានថ្មីនេះ ហាក់ផ្ទុយពីទម្លាប់ក្រុមហ៊ុន Apple ដែលតែងចេញស៊េរី S មួយខ្សែសិន មុននឹងដំឡើងលេខលំដាប់ម៉ូឌែលរបស់របស់វា។ ជាអាទិ៍ iPhone 4 -> 4s -> 5-> 5s -> 6 -> 6s។
ទន្ទឹមនឹងនេះ កន្លងមកមានតែព័ត៌មានថា iPhone X នឹងគ្មានប៊ូតុង Home បំពាក់អេក្រង់គ្មានគែមសងខាង បច្ចេកវិទ្យាស្គេនផ្ទៃមុខ កាមេរ៉ាភ្លោះ និងសាកថ្មឥតខ្សែ។ ដោយឡែក គេមិនទាន់ដឹងទេថា iPhone ស៊េរីថ្មី ម៉ូឌែលធម្មតា នឹងមានរូបរាងយ៉ាងណា ហើយបំពាក់បច្ចេកវិទ្យាអ្វីខ្លះនោះទេ ខណៈរូបរាងបែកធ្លាយកន្លងមក គ្រាន់តែជាពុម្ពគំរូរបស់ទូរសព្ទដែលគេរចនាឡើងតាមព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ។

២- តើ iPhone ស៊េរីថ្មី មានជម្រើសពណ៌អ្វីខ្លះ?
iPhone 7 និង 7 Plus បច្ចុប្បន្នគឺមានជម្រើស ៥ ពណ៌: ខ្មៅរលោង ខ្មៅ ទឹកប្រាក់ មាស និងផ្កាឈូក ហើយគេមិនច្បាស់ថា តើ Apple នឹងរក្សាចំនួន និងប្រភេទពណ៌ឱ្យនៅដដែល ឬក៏យ៉ាងណាទេ។ បើតាមព័ត៌មានចចាមអារ៉ាម Apple នឹងបន្ថែមពណ៌ សូកូឡា (copper gold ឬ blush gold) ថ្មីមួយទៀត។

៣- តើ iPhone ស៊េរីថ្មី មានប៊ូតុង Home ដែរឬទេ?
យោងតាមព័ត៌មានចចាមអារ៉ាមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបង្ហាញថា ផ្ទៃអេក្រង់មុខទូរសព្ទដៃ iPhone គឺពុំមានប៊ូតុង Home ដែលក្រាលដោយ Touch ID សម្រាប់បន្ទះស្កេនក្រយៅដៃអ្វីនោះទេ ហើយថា ក្រុមហ៊ុននឹងដាក់ជំនួសមកវិញដោយបច្ចេកវិទ្យាស្គេនមុខសម្រាប់ដោះសោចូលទៅកាន់កម្មវិធីខាងក្នុង។ ប៉ុន្តែ អ្វីដែលគេមិនច្បាស់នោះគឺ ថាតើក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូរលក្ខណៈសម្បត្តិនៃប្រព័ន្ធសន្តិសុខលើទូរសព្ទ iPhone ទាំង ៣ ម៉ូឌែល ឬក៏តែមួយម៉ូឌែលពិសេស។

៤- តើ iPhone ម៉ូឌែលអេក្រង់តូចស៊េរីថ្មី មានកាមេរ៉ាភ្លោះដែរឬទេ?
ចាប់តាំងពី Apple បើកបង្ហាញប្រព័ន្ធកាមេរ៉ាភ្លោះលើកដំបូងក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុនយកវាទៅបំពាក់តែលើ iPhone ម៉ូឌែល Plus ប៉ុណ្ណោះ។ សម្រាប់ម៉ូឌែលធម្មតា គឺពុំមានឡើយ ហើយរហូតមកទល់ពេលនេះ គ្មានប្រភពណាហ៊ានអះអាងថា ក្រុមហ៊ុននឹងពាំនាំបច្ចេកវិទ្យាកាមេរ៉ាភ្លោះទៅគ្រប់ម៉ូឌែល iPhone ស៊េរីថ្មី ឬក៏នៅរក្សាតាមទម្លាប់ដដែលនោះទេ ខណៈបច្ចេកវិទ្យានេះ កំពុងពេញនិយម និងកក្រើកខ្លាំងក្នុងទីផ្សារស្មាតហ្វូន។
៥- តើមានជម្រើសទំហំមេម៉ូរីប៉ុន្មានខ្លះ?
ទាក់ទងទៅនឹងលក្ខណៈសម្បត្តិដ៏សំខាន់មួយនេះ ក៏ពុំទាន់មានព័ត៌មានច្បាស់ការផងដែរ ក្រៅពីខ្លះថា iPhone X នឹងមានជម្រើសទំហំមេម៉ូរី ៦៤/១២៨/២៥៦ GB ដូចជា iPhone 7។ ប៉ុន្តែ បើគ្មានការបង្កើនទំហំផ្ទុកទិន្នន័យទេនោះ អ្នកប្រើប្រាស់អាចប្រឈមនឹងការលំបាកនៅពេលដែលពួកគេចង់ប្រើ iPhone នោះ ថតវីដេអូយូររាប់ម៉ោង និងប្រើសម្រាប់ផ្ទុកឯកសារ កម្មវិធី-ហ្គេមផ្សេងៗទៀត ខណៈមុខងាររបស់វានឹងកាន់តែសម្បូរបែប ដូចជា Apple ARKit ជាដើម។ ដោយសម្អាងលើកត្តានេះ មានមនុស្សជាច្រើនចោទសួរថា តើ Apple នឹងបន្ថែមជម្រើសមេម៉ូរី ៥១២ GB សម្រាប់ iPhone ម៉ូឌែលពិសេសដែរឬទេ?
៦- តើ iPhone X មានលក្ខណៈសម្បត្តិពិសេសអ្វីខ្លះទៅ?
យើងដឹងថា iPhone X គឺជាម៉ូឌែលដ៏ពិសេសចេញថ្មីរបស់ក្រុមហុន Apple ដែលនឹងបង្ហាញវត្តមានជាមួយរចនាបទឯក ខុសពី iPhone ស៊េរីថ្មីម៉ូឌែលធម្មតា។ កន្លងមក ប្រភពផ្សេងៗអះអាងថា វានឹងមានលក្ខណៈពិសេសបំផុតពីរគឺ មុខងារស្កេនផ្ទៃមុខ និងអេក្រង់គ្មានគែមសងខាង។ ប៉ុន្តែ មានតែប៉ុណ្ណឹងទេ? អ្វីដែលគេមិនទាន់ដឹងនោះគឺ តើ iPhone X នោះ នឹងបំពាក់បន្ទះឈីបប្រភេទអី ហើយប្រើកាមេរ៉ាខ្លាំងជាង iPhone ស៊េរីថ្មីម៉ូឌែលធម្មតាកម្រិតប៉ុណ្ណោះ។

៧- តើ iPhone ស៊េរីថ្មី មានតម្លៃពិតប្រាកដប៉ុន្មាន?
កន្លងមកមានប្រភពជាច្រើនអះអាងថា iPhone ជំនាន់បន្ទាប់ នឹងមានតម្លៃចាប់ពី ១០០០ រហូតដល់ ១២០០ ដុល្លារ។ ក្នុងនោះ លោក Benjamin Geskin អ្នកទម្លាយព័ត៌មានលាក់ការរបស់ Apple ដ៏មានប្រជាប្រិយភាព បានអះអាងបន្ថែមថា iPhone 8 នឹងមានតម្លៃ ៩៩៩/១០៩៩/១១៩៩ ដុល្លារ សម្រាប់ជម្រើសទំហំមេម៉ូរី ៦៤/២៥៦/៥១២ GB។ ប៉ុន្តែ អ្វីដែលគេមិនទាន់ច្បាស់នោះគឺថា តើតម្លៃនេះ គាត់ចង់សម្តៅលើម៉ូឌែលខ្ពស់បំផុត iPhone X ឬ iPhone 8 ដែលជាម៉ូឌែលទាបបំផុត៕

ប្រភពព៏ត៌មានៈ mashable
មតិយោបល់