បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងនគរបាលស្រុកមង្គលបូរី បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងបានចំនួន៥នាក់ ជាបន្តបន្ទាប់ក្នុងចំណោមគ្នីគ្នាគេចំនួន៧នាក់ ដែលបានធ្វើសកម្មភាពកាប់ក្មេងជំទង់ម្នាក់បណ្តាលឲ្យដាច់ដៃម្ខាង នៅចំណុចផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា ៖ នៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងចំណុចផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿង ស្រុកមង្គលបូរី ដែលក្រុមបង្កមានគ្នីគ្នាចំនួន៧នាក់ បានជិះម៉ូតូធ្វើសកម្មភាពកាប់ទៅលើក្មេងជំទង់ម្នាក់ឈ្មោះ ដេត វណ្ណលីដា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិបុស្បឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដាច់ដៃស្តាំ យកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។
ក្រោយពីធ្វើសកម្មភាពរួចជនបងទាំង៧នាក់ បានជិះម៉ូតូរត់គេច តែរយៈពេល៧ម៉ោង ត្រូវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់។
ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។ ក្រោយពីកើតហេតុរួចលោក បានដឹកនាំកម្លាំង នគរបាលអធិការដ្ឋាននគរបាល ស្រុកមង្គលបូរី និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ ចុះធ្វើការស្រាវជ្រាវដោយប្រើប្រាស់នូវពេលវេលា ៧ម៉ោងយើងបានចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមជនដៃដល់ជាបន្តបន្ទាប់មានឈ្មោះ ១/- ផាន់ ធីវ៉ា ភេទប្រុសអាយុ២២ឆ្នាំ ដកហូតបានដាវសាម៉ូរ៉ៃ១ដើម និងជាជនដៃដល់ និងប្រើប្រាស់គ្រឿងញៀន ដែលបានកាប់ទៅលើជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា បណ្តាលឲ្យដាច់ដៃខាងស្តាំ។២/-ឈ្មោះ រឿង កាំម៉ាឡៃ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកសមគំនិត។៣/-ឈ្មោះ ដុង វណ្ណនីត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកសមគំនិត ។៤/-ឈ្មោះ ធាង ចាន៉ណា ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកសមគំនិត ។ ៥/-ឈ្មោះ មាស យ៉ត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកផ្តើមគំនិតហៅ គ្នីគ្នាគេមកកាបជនរងគ្រោះ ។
លោកអធិការបានបញ្ជាក់ថា ៖ ក្រោយពីធ្វើការចាប់ឃាត់ខ្លួន និងធ្វើការសាកសួរចម្លើយ ក្នុងនោះមានឈ្មោះ ផាន់ ធីវ៉ា ជាជនដៃដល់បានសារភាពថា ពួកគេពិតជាបានជិះម៉ូតូធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតមែន តែមិនមានបំណងកាប់ឈ្មោះ ដេត វណ្ណលីដា ទេ គឺបំណងកាប់បងប្រុសរបស់គេ ឈ្មោះ ដេត ឈិនឡុង ដោយឈ្មោះ មាស យ៉ត ជាគ្នារបស់គេបានតេទូរស័ព្ទប្រាប់ថា ឈ្មោះ ដេត ឈិនឡុង បានវាយគេ ពឹងឲ្យពួកគេមកជួយ ពេលជិះម៉ូតូដល់កន្លែងកើតហេតុឃើញឈ្មោះ ដេត វណ្ណលីដា ជាប្អូនជិះម៉ូតូរបស់បងគេ ក៏កាប់១ដាវចំដៃ ដោយស្មានតែឈ្មោះ ឈិនឡុង ដែលជាគូទំនាស់ជាមួយឈ្មោះ មាស យ៉ត ។
លោកវសេនីយ៍ឯក ស៊ីន ណារ៉ាក់ បានបញ្ជាក់បន្ថែមថា ៖ ករណីហិង្សានេះ គឺផ្តើមចេញពីឈ្មោះ មាស យ៉ត ដែលស្រឡាញ់នារីម្នាក់ជាសង្សារបស់គេ ហើយចាស់ទុំខាងឈ្មោះ ដេត ឈិនឡុង ជាភាគីរងគ្រោះ មានបំណងចង់ដណ្តឹងនាងនោះមកឲ្យកូន(ដេត ឈិនឡុង) ដល់ឈ្មោះ មាស យ៉ត មានចិត្តប្រច័ណ្ឌជាមួយឈ្មោះ ឈិន ឡុង ក៏តេទូរស័ព្ទកុហកគ្នីគ្នាគេចោទប្រកាន់ទៅលើឈ្មោះ ឈិន ឡុង ថាបានវាយមកលើខ្លួន ។
បច្ចុប្បន្នក្រុមជនដៃដល់ទាំង៥នាក់ កម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ចំណែកបក្សពួកគេ២នាក់ កំពុងគេចខ្លួនកម្លាំងនគរបាល ស្រុកកំពុងស្រាវជ្រាវបន្ត ចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕
មតិយោបល់