ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅបន្ទប់ផ្ទះសំណាក់ ឌីឌីហោស និងដកហូតថ្នាំញៀនបាន២៣កញ្ចប់តូចធំ!

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន២៣កញ្ចប់តូចធំ។

ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចបន្ទប់ផ្ទះសំណាក់ ឌីឌីហោស តាមបណ្តោយផ្លូវលេខ៥៩៨ ក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អ៊ិន ផល្លា ហៅអាហេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិពិតប្រាកដ (ជួញដូរ) មានទីលំនៅភូមិអូតាប្រាង សង្កាត់បៃលិន ក្រុងបៃលិន និងម្នាក់ទៀតឈ្មោះ ប៊ុន បណ្ឌិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរ) ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៩ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចយើងបានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជនសង្ស័យទាំង២នាក់បាននៅចំណុចផ្ទះសំណាក់ ឌីឌីហោស តាមបណ្តោយផ្លូវលេខ៥៩៨ ដោយដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន២៣កញ្ចប់ ដោយក្នុងនោះមាន១៦កញ្ចប់ធំ ថង់៤សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួនមួយ។ ក្រោយមកកម្លាំងសមត្ថកិច្ចយើងបាននាំជនសង្ស័យទាំង២នាក់ខាងលើទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំបន្ថែម។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់