កណ្តាលៈ ជនសង្ស័យជាឪពុកចុងចិត្តកំណាចម្នាក់ ស្រវឹងស្រាបានផ្ទុះហិង្សាវាយកូនស្រីចុងនិងប្រពន្ធបណ្តាលឲ្យរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧
នៅចំណុចភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ភ័ក្រ សៀកហ៊ួយ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរបុគ្គលិកកាស៊ីណូ រងរបួសស្រាល (ត្រូវជាកូនចុងជនសង្ស័យ) និងស្ត្រីជាម្តាយឈ្មោះ ឃឹម ម៉ាច ភេទស្រី អាយុ៤៧ ឆ្នាំ ស្នាក់នៅជាមួយគ្នា ត្រូវជាប្រពន្ធជនសង្ស័យឈ្មោះ ឆែម ហំ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរយោធា។
តាមការបំភ្លឺរបស់ឈ្មោះ ឃឹម ម៉ា ចជាជនរងគ្រោះ បានបំភ្លឺថា៖ ជនសង្ស័យឈ្មោះ ឆែម ហំ ត្រូវជាប្ដីផឹកស្រាស្រវឹងរករឿងវាយធ្វេីបាបប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រហូតដល់សមត្ថកិច្ចបានធ្វេីការអប់រំណែនាំពីរទៅបីដងរួចមកហេីយ។ រហូតមកដល់ថ្ងៃកេីតហេតុ ជនសង្ស័យបានមកពីផឹកស្រាស្រវឹង មកដល់ផ្ទះ ក៏បានវាយប្រពន្ធមួលដៃពេលនោះជនរគ្រោះក៏បានគេចចេញបាត់ទៅ។ ជនសង្ស័យនៅតែមិនអស់ចិត្តក៏បានយកដំបងទៅតាមដេញវាយជនរងគ្រោះទៀត តែជនរងគ្រោះបានរត់ចូលផ្ទះអ្នកភូមិទៅ ស្របពេលនោះជនរងគ្រោះជាកូនចុង បានចេញពីធ្វេីការមកលេងផ្ទះឃេីញជនសង្ស័យត្រូវជាឪពុកចុង បានលេីកកូនស្រីដែលមានអាយុទេីប២ខែបោះទៅលេីគ្រែធ្វេីឲ្យនាងស្រែកយំជាខ្លាំង ជនរងគ្រោះជាកូនចុងក៏ទៅលេីកបី តែជនសង្ស័យមិនព្រមឲ្យ ហេីយជនសង្ស័យបានវាយជនរងគ្រោះ(ជាកូនចុង) មួយដៃចំផ្ទៃមុខ ស្របពេលដែលជនរងគ្រោះជាប្រពន្ធនៅក្បែរនោះ ជនសង្ស័យឃេីញក៏យកដំុថ្មដេញគប់តែជនរងគ្រោះបានគេចខ្លួនចូលផ្ទះអ្នកជិតខាងបាត់ទៅ នៅតែជនរងគ្រោះជាកូន ត្រូវបានឪពុកចុងវាយថែមមួយដៃចំផ្ទៃមុខទៀត។
បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ នៅពេលសមត្ថកិច្ចប៉ុស្ដិ៍ទៅដល់ជនសង្ស័យបានវាយតដៃជាមួយសមត្ថកិច្ចទៀត តែក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនមកប៉ុស្ដិ៍សំពៅពូនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ឆែម ហំ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ ចំពោះករណីនេះ ជនរងគ្រោះ បានសំណូមពរដល់សម្ថកិច្ចជួយអប់រំណែនាំឈ្មោះ ឆែម ហំ ត្រឹមអធិការដ្ឋាននគរបាលស្រុកកោះធំរយៈពេល១យប់ និង ១ថ្ងៃ៕
មតិយោបល់