ព័ត៌មានសុខភាព

អញ្ចឹងតើ! ទើបអ្នកចេះតែអស់កម្លាំង បីទោះជាគេងឆ្អែតឆ្អន់ ឬញ៉ាំគ្រប់គ្រាន់យ៉ាងណាក៏ដោយ

តើអ្នកចេះតែមានអារម្មណ៍អស់កម្លាំង បើទោះបីជាបានគេងឆ្អែតឆ្អន់ ឬញ៉ាំអាហារគ្រប់គ្រាន់ក៏ដោយ មែនទេ? អាការៈអស់កម្លាំងដែលកើតឡើងជាញឹកញាប់ មិនមែនជារឿងល្អសម្រាប់សុខភាពនោះឡើយ ព្រោះវាអាចជាសញ្ញាដែលបង្ហាញពីផលប៉ះពាល់ណាមួយមកលើរាងកាយ។ បើយោងតាមគហេទំព័រ soha បានចុះផ្សាយថា បញ្ហាអស់កម្លាំងជាញឹកញាប់ បើទោះបីជាអ្នកមិនបានបញ្ចេញសកម្មភាពអ្វីសោះ អាចបណ្តោលមកពីជំងឺមួយចំនួន។

១.អ្នកមានជំងឺខ្វះឈាម
ប្រសិនបើអ្នកចេះតែអស់កម្លាំងពេញមួយថ្ងៃ វាអាចបណ្តោលមកពីរាងកាយខ្វះឈាម។ ជំងឺខ្វះឈាម គឺជាជំងឺដែលកើតឡើងនៅពេលកោសិកាឈាមក្រហមមិនអាចដឹកនាំអុកស៊ីសែនចេញពីសួតទៅកាន់ជាលិកា និងកោសិកាផ្សេងៗទៀតបានគ្រប់គ្រាន់។

២.ជំងឺធ្លាក់ទឹកចិត្ត
ជំងឺធ្លាក់ទឹកចិត្ត អាចប៉ះពាល់ទាំងផ្នែកខួរក្បាល និងរាងកាយ ហើយសញ្ញាជាក់លាក់រួមមាន ការអស់កម្លាំង ឈឺចាប់ និងពិបាកក្នុងការគេង។ ប្រសិនបើអ្នកកត់សម្គាល់ឃើញសញ្ញាទាំងនេះ សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រពេទ្យជាបន្ទាន់។

៣.អ្នកមានជំងឺទឹកនោមផ្អែម
អ្នកដែលកំពុងតែមានជំងឺទឹកនោមផ្អែមប្រភេទទី២ គ្មានកម្រិតគ្លុយកូសក្នុងឈាមត្រឹមត្រូវនោះទេ ដែលអាចធ្វើឲ្យជាតិស្ករត្រូវបំលែងទៅជាថាមពលកើនឡើងលើសកម្រិត។ នេះជាមូលហេតុចម្បងមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងគ្រប់ពេលវេលា។

៤.អ្នកមានបញ្ហាក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីត ជាអ្នកគ្រប់គ្រងមុខងារសំខាន់ៗរបស់រាងកាយ។ ប៉ុន្តែប្រសិនបើក្រពេញទីរ៉ូអ៊ីតដំណើរការមិនបានល្អ នោះវានឹងធ្វើឲ្យរាងកាយគ្រប់គ្រងអ័រម៉ូនមិនបានត្រឹមត្រូវ ហើយធ្វើឲ្យកម្រិតថាមពលរបស់អ្នកត្រូវធ្លាក់ចុះ។

៥.អ្នកទទួលទានជាតិស្ករច្រើនពេក
ការញ៉ាំអាហារផ្អែមច្រើនពេក អាចប៉ះពាល់ដល់កម្រិតថាមពលនៃរាងកាយ។ ប្រសិនជាតិស្ករអាចជ្រាបចូលទៅក្នុងឈាមកាន់តែច្រើន អាចបណ្តោលឲ្យអ្នកមានអារម្មណ៍ល្វីយ និងអស់កម្លាំង។

៦.អ្នកដែលទទួលទានទឹកមិនបានគ្រប់គ្រាន់
ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង ស្រាប់តែពេលទទួលទានតែ ឬកាហ្វេ ភ្លាមមានថាមពលឡើងវិញភ្លែត ប៉ុន្តែក្រោយមកភាពអស់កម្លាំងកាន់តែអាក្រក់ នោះបញ្ជាក់ថា រាងកាយកំពុងតែខ្វះជាតិទឹក។ ហេតុនេះ ដើម្បីជួយឲ្យរាងកាយមានសុខភាពល្អ និងជៀសផុតពីភាពអស់កម្លាំង សូមទទួលទានទឹកឲ្យបានគ្រប់គ្រាន់៕

មតិយោបល់