ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ កែវ វិជ្ជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅភូមិកើតហេតុខាងលើ។ រីឯជនបង្កម្នាក់ទៀតបានរត់គេចខ្លួនបាត់ ដោយមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។ ចំណែកឯជនរងគ្រោះមានឈ្មោះ អ៊ុ ពិសិដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលបម្រើការនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានទីលំនៅស្រុកល្វាឯម ខេត្តកណ្តាល បានរងរបួសខ្លួន និងក្បាលដេរជាច្រើនថ្នេរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ គេបានឃើញជនបង្កជិះរថយន្ត មួយគ្រឿង ម៉ាកឡិចស៊ីស៤០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-2086 បើកបរតាមផ្លូវបេតុង ចូលក្នុងភូមិសាមគ្គី ដើម្បីចូលផ្ទះរបស់គេ ខណៈដែលបើកបរមកដល់ចំណុចមុខហាងកាហ្វេខាងលើ ក៏មានម៉ូតូ ២ទៅ៣គ្រឿងបានមកចតលើចិញ្ចើមផ្លូវមុខហាងកាហ្វេនេះ ហើយធ្វើអោយរូបគាត់ ដែលជាអ្នកបើករថយន្តនេះទៅមុខមិនកើត ហើយរូបគាត់ក៏បានបើកទ្វារចុះពីក្នុងរថយន្ត និងស្រែកឡូឡាជំទាលជេរប្រមាថ ទៅលើម្ចាស់ម៉ូតូដែលចតទុកចោលនៅទីនោះ។ បន្ទាប់មកធ្វើអោយជនរងគ្រោះដែលកំពុងអង្គុយផឹកការហ្វេនៅទីនោះ អត់ទ្រាំមិនបាននិងពាក្យសម្តីរបស់ជនបង្ក រួចក៏បានឆ្លើយតបទៅវិញធ្វើអោយទាក់ពាក្យសម្តីគ្នាមួយប្រាវ ក្រោយមកជនបង្កបានបើករថយន្តចូលផ្ទះរបស់ខ្លួនដែលនៅក្បែរកន្លែងកើតហេតុនោះបាត់ទៅ។
ប្រភពបានបន្តទៀតថា ក្រោយពេលកើតហេតុបានកន្លះម៉ោង គេឃើញជនបង្កជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាគ្លីច ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-9442 ឌុបប្អូនប្រុសបង្កើតរបស់ខ្លួនមកឈប់នៅមុខហាងការហ្វេខាងលើ ហើយបុរសជាប្អូនបានចុះពីលើម៉ូតូដើរចូលសំដៅទៅតុជនរងគ្រោះ រួចក៏បានចាប់គ្រាកដៃជនរងគ្រោះ បន្ទាប់មកជនបង្ក ដែលត្រូវជាបងនោះ បានស្ទុះទៅយកប៉ាន់តែលើតុនោះមកវាយក្បាល និងដងខ្លួនជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ថ្នេរ ៦ថ្នេរ។
ក្រោយកើតហេតុជនបង្កទាំង ២នាក់បងប្អូនឡើងជិះម៉ូតូគេចខ្លួនបាត់។ លុះនៅវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនបង្កបងនៅផ្ទះរបស់គេនៅក្បែរកន្លែងកើតហេតុខាងលើ ចំណែកឯជនបង្កជាប្អូនបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតីវិធី៕
មតិយោបល់